ខេត្តសៀមរាប ៖ ជនសង្ស័យល្មោភកាមម្នាក់ ធ្លាប់បានបំពានផ្លូវភេទក្មេងស្រីម្នាក់ កាលពីឆ្នាំ២០១៣ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនដាក់ពន្ធនាគារ ទើបនឹងចេញវិញ កាលពីពេលថ្មីៗ ស្រាប់តែមិនចោលចរិត បន្តចាប់រំលោភក្មេងស្រីម្នាក់ទៀត រហូតដល់បានសម្រេចដល់ ទៅ៣ដង ទីបំផុត ម្តាយក្មេងស្រីរងគ្រោះដឹង រឿងក៏ប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនជនល្មោភកាមខាងលើ យកទៅញាត់គុកវិញ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩។
ជនសង្ស័យល្មោភកាមដែលចាប់រំលោភ កូនស្រីគេដល់ទៅ៣ដង និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះព្រំ សុខុម អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ រ.ច.ន អាយុ១២ឆ្នាំ មានលំនៅក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
តាមប្រភពពីសមត្ថកិច្ច បានបញ្ជាក់ប្រាប់ថា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃស្នងការដ្ឋាននគរបាលខេត្ត បានទទួលពាក្យបណ្តឹងពីស្ត្រីជាម្តាយក្មេងស្រីរងគ្រោះខាងលើ ដែលបានប្តឹងចោទប្រកាន់ ឈ្មោះ ព្រំ សុខុម ថា បានចាប់រំលោភកូនស្រីរបស់គាត់រហូតដល់បានសម្រេចចំនួន៣ដង។
ប្រភពដដែលបន្តថា ក្រោយពីទទួលពាក្យបណ្តឹងខាងលើរួចមក កម្លាំងនគរបាលជំនាញបានកោះហៅជនសង្ស័យមកសាកសួរ និងឈានដល់ការឃាត់ខ្លួនតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចអ្វីដែលម្តាយក្មេងស្រីរងគ្រោះ ប្តឹងចោទប្រកាន់ប្រាកដមែន។
សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យឈ្មោះព្រំ សុខុម ខាងលើនេះ កាលពីឆ្នាំ២០១៣ កន្លងទៅ ធ្លាប់បានរំលោភបំពានផ្លូវភេទលើកុមារីម្នាក់ នៅភូមិបន្ទាយចាស់ រួចម្តងមក ហើយៗត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន ចាប់បញ្ជូនទៅតុលាការ ទើបតែចេញពីពន្ធនាគារថ្មីៗនេះប៉ុណ្ណោះ។
ក្នុងករណីនេះសមត្ថកិច្ចបានប្រគល់ ក្មេងស្រីរងគ្រោះទៅឱ្យមន្ទីរសង្គមកិច្ចខេត្ត។ ចំណែកជនសង្ស័យ សមត្ថកិច្ចកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការខេត្ត ដើម្បីអនុវត្តតាមនីតិវិធី៕