ភ្នំពេញ ៖ ស្ត្រីម្នាក់ដែលត្រូវគេស្គាល់ថា ត្រូវជាប្រពន្ធរបស់ថៅកែហាងខារ៉ាអូខេ ស្ទឹងលាភ បានតាមមករករឿងបុរសជាប្តីរបស់ខ្លួន ដល់ហាងរកស៊ី បង្កជាជម្លោះបែកផ្សែងទាំងកណ្តាលថ្ងៃ រហូតផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកជួយធ្វើការសម្របសម្រួល។
ហេតុការណ៍ប្រពន្ធតាមរករឿងប្តីដល់ហាងខារ៉ាអូខេខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ នៅហាងខារ៉ាអូខេស្ទឹងលាភ មានទីតាំងនៅតាមផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា គ្រួសារថៅកែស្ទឹងលាភ ខាងលើនេះ បានគ្នាជាប្តីប្រពន្ធអស់រយៈពេលជាង១០ឆ្នាំ មកហើយ ដោយមានកូនចំនួន២នាក់ (ប្រុសម្នាក់អាយុ៥ឆ្នាំ និងស្រីម្នាក់អាយុ៤ឆ្នាំ) សព្វថ្ងៃមានលំនៅភូមិឈូកវ៉ា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ តែបានមកបើកហាងខារ៉ាអូខេ យីហោស្ទឹងលាភ នៅក្នុងសង្កាត់ភ្នំពេញថ្មី។
ប្រភពដដែលបន្តថា តាំងពីចាប់យករបរបើកហាងខារ៉ាអូខេនេះមក ឃើញថា ប្តីប្រពន្ធអ្នកទាំងពីរ ហាក់រស់នៅមិនចុះសម្រុងនឹងគ្នាសោះ ដោយតែងកើតមានការឈ្លោះប្រកែកគ្នាជាញឹកញាប់។ លុះមកដល់យប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ប្តីប្រពន្ធខាងលើបានកើតជម្លោះនៅឯផ្ទះ រហូតដល់បុរសជាប្តីប្រើអំពើហិង្សាដាក់ប្រពន្ធទៀតផង ប៉ុន្តែមិនមានរងរបួសអ្វីឡើយ។ ក្រោយពីកើតជម្លោះមួយប៉្រាវរួចមក បុរសជាប្តីក៏បានគេចចេញពីផ្ទះមកហាងបាត់ទៅ។
ប្រភពខាងលើ បញ្ជាក់ថា ស្រាប់តែមកដល់វេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ទើបស្ត្រីជាប្រពន្ធបានជិះម៉ូតូកង់បី ដោយមានទាំងបង្វេចខោអាវផង បានធ្វើដំណើរមកដល់ហាងខារ៉ាអូខេរបស់ប្តី រួចទារលុយប្តី ដើម្បីទៅស្រុកវិញ ទើបកើតជាទំនាស់ពាក្យសម្តីគ្នាមួយប៉្រាវទៀត ផ្អើលសមត្ថកិច្ច ព្រមទាំងអ្នកសារព័ត៌មានចុះទៅដល់ទីតាំងកើតហេតុ ព្រោងព្រាត ស្រាប់តែថៅកែហាងស្ទឹងលាភ ក៏បានចាប់អូសដៃប្រពន្ធចូលទៅក្នុងហាងបាត់ទៅ និងមិនដឹងជាស្វែងរកដំណោះស្រាយចេញជារូបរាងបែបណាឡើយ។
យ៉ាងណាក្តី សមត្ថកិច្ចមូលដ្ឋានមិនហ៊ានលូកដៃដែរ ពីព្រោះជារឿងប្តីប្រពន្ធគេ គ្រាន់តែជួយសម្របសម្រួល ព្រោះខ្លាចក្រែងមានរឿង រហូតឈានដល់ប្រើហិង្សាតែប៉ុណ្ណោះ៕ឮ