ខេត្តកណ្តាល ៖ ស្ត្រីម្នាក់កំពុងនៅចាំផ្ទះតែម្នាក់ឯង ខណៈដែលប្តីរវល់ចេញទៅធ្វើការ ស្រាប់តែត្រូវជនសង្ស័យមិនស្គាល់មុខម្នាក់ បានធ្វើសកម្មភាពចាប់ច្របាច់កសម្លាប់ រួចប្លន់យកទ្រព្យសម្បត្តិ គ្រឿងអលង្ការ និងលុយកាក់អស់ប្រមាណជាង៤ម៉ឺនដុល្លារ លុះល្ងាចឡើង បុរសជាប្តីត្រឡប់មកវិញ ប្រទះឃើញប្រពន្ធដេកស្លាប់ស្តូកស្តឹង ទើបស្រែកឆោឡោផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍។
ករណីប្លន់សម្លាប់យ៉ាងឃោរឃៅខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥និង១០នាទីល្ងាច ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ នៅចំណុចក្នុងបន្ទប់ផ្ទះរបស់ស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិបឹង ឃុំរកា ស្រុកកណ្តាលស្ទឹង។
ស្ត្រីរងគ្រោះដែលត្រូវឃាតករច្របាច់កសម្លាប់ប្លន់នេះ មានឈ្មោះឈុន ទូ អាយុ៥៦ឆ្នាំ មុខរបរចងការប្រាក់ មានស្រុកកំណើតនៅឃុំស្រែអំបិល ស្រុកបទុមសាគរ ខេត្តកោះកុង មានប្តីឈ្មោះវង្ស សម្បត្តិ អាយុ៥៤ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅភូមិបឹង ឃុំរកា ស្រុកកណ្តាលស្ទឹង។ សម្ភារៈដែលបាត់បង់ រួមមាន លុយដុល្លារចំនួន៣ម៉ឺនដុល្លារ លុយខ្មែរចំនួន២លានរៀល ខ្សែកមាស ២តម្លឹង ចិញ្ចៀនមាស ៥ជី និងខ្សែដៃមាស ៥ជី។ ចំណែកជនដៃដល់ជាឃាតករ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនៅឡើយ។
តាមសម្តីបុរសជាប្តីរបស់ស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ គាត់បានចេញពីផ្ទះទៅធ្វើការដូចសព្វដង ដោយទុកឱ្យប្រពន្ធនៅចាំផ្ទះតែម្នាក់ឯង។ រហូតមកដល់វេលាម៉ោង៥ និង១៥នាទី ទើបគាត់បានត្រឡប់មកពីធ្វើការដល់ផ្ទះ មិនឃើញប្រពន្ធរបស់គាត់ ហើយគាត់បានស្រែកហៅប្រពន្ធ ២- ៣ម៉ាត់ដែរ តែអត់ឮឆ្លើយ តែឃើញទ្វារខាងមុខបើកចំហ ប៉ុន្តែមិនបានចាប់អារម្មណ៍នោះទេ នឹកស្មានថា ប្រពន្ធគាត់មិនឮ នៅក្នុងបន្ទប់ទឹក ក៏អូសម៉ូតូចូលទៅក្នុងផ្ទះទុក រួចដើរទៅផ្ទះបាយខាងក្រោយ បន្ទាប់មកក៏ដើរចេញពីផ្ទះ ទៅរកកាត់សក់នៅក្បែរផ្ទះដែរ ប៉ុន្តែជាងជាប់រវល់ ទើបគាត់បានដើរត្រឡប់មកផ្ទះវិញ។
បុរសជាប្តី បន្តថា ពេលត្រឡប់មកវិញ គាត់ក៏បានស្រែកហៅប្រពន្ធរបស់គាត់ម្តងទៀត តែនៅតែមិនឃើញឆ្លើយ ទើបគាត់បានដើរទៅរកជុំវិញផ្ទះ បន្ទាប់មកក៏បើកទ្វារបន្ទប់ចូលទៅមើល ស្រាប់តែប្រទះឃើញប្រពន្ធរបស់គាត់បានដេកដួលទៅនឹងការ៉ូ ខាងមុខទូដាក់លុយ ដែលបានបើក និងរើកកាយអស់ទៅហើយ ធ្វើឱ្យគាត់ប្រញាប់ស្ទុះទៅបីត្រកងប្រពន្ធចេញមកក្រៅ ទើបដឹងថា ប្រពន្ធបានស្លាប់បាត់ទៅហើយ ទើបប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកពិនិត្យតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់ទីតាំងកើតហេតុ និងបានបង្កើតគណៈកម្មការពិនិត្យ រួមមាន អាជ្ញាធរមូលដ្ឋាន និងគ្រូពេទ្យកោសល្យវិច័យខេត្ត ជំនាញស្រុក លុះបន្ទាប់ពីពិនិត្យ និងធ្វើកោសល្យវិច័យសពរួច បញ្ជាក់ថា សាកសពមានស្នាមរលាត់លើចង្កាខាងឆ្វេង ប្រវែង ១សង្ទីម៉ែត្រ មានស្នាមរលាត់នៅលើស្លាប ច្រមុះខាងស្តាំ មានស្នាមរលាត់លើផ្នែកចង្កាខាង ក្រោមប្រវែង១សង្ទីម៉ែត្រ មានស្នាមជាំនៅលើក្បាលជង្គង់ខាងឆ្វេង មានស្នាមរលាត់ចង្វែក មេដៃខាងឆ្វេង រីកប្រស្រីភ្នែក (ប្រឹង) និងមានស្នាមបែកបបូរមាត់លើក្រោមទៀតផង។
តាមការសន្និដ្ឋានបឋមរបស់គ្រូពេទ្យកោសល្យវិច័យ និងផ្នែកជំនាញខេត្ត បានឱ្យដឹងថា ជនរងគ្រោះបានស្លាប់ដោយអំពើឃាតកម្មប្រាកដមែន។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ ចំណែកជនដៃដល់ជាឃាតករ សមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេត និងស្រាវជ្រាវតាមប្រមាញ់ចាប់ខ្លួនជនដៃដល់ និងជនពាក់ព័ន្ធ យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕