ខេត្តបន្ទាយមានជ័យ ៖ កាលពីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ជនសង្ស័យចំនួន២នាក់ អត់មានការងារធ្វើ ក៏រួមគំនិតគ្នា បន្លំខ្លួនជាសង្ឃ ដោយកោរសក់ និងស្លៀកស្បង់ចីវរ ដោយខ្លួនឯង បន្ទាប់មកក៏ធ្វើសកម្មភាព ដើរបិណ្ឌបាតតាមទីសាធារណៈ ដើម្បីយកលុយចូលដេកផ្ទះសំណាក់ និងចូលលេងល្បែងកាស៊ីណូ ទីបំផុត ត្រូវអាជ្ញាធរមូលដ្ឋានចាប់ផ្សឹក ឃាត់ខ្លួនយកទៅចាត់ការតាមច្បាប់ នៅចំណុចទីតាំងប្រារឰពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ ថ្ងៃជ័យជម្នះ ៧មករា ១៩៧៩ – ៧មករា ២០១៩។
ជនសង្ស័យដែលបន្លំខ្លួនជសង្ឃទាំង២នាក់ រួមមាន ទី១-ឈ្មោះឌី រតនា អាយុ២៥ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពងស្ពឺ និងទី២-ឈ្មោះ ភារម្យ អាយុ២០ឆ្នាំ មានស្រុកកំណើតនៅខេត្តតាកែវ។
តាមចម្លើយសារភាពរបស់ជនសង្ស័យដែលក្លែងបន្លំជាសង្ឃខាងលើ បានឆ្លើយសារភាពថា ពួកគេទាំង២នាក់ បានជួលជនម្នាក់ឱ្យធ្វើឆាយា លិខិតស្នាមក្លែងក្លាយ តម្លៃ២០ម៉ឺនរៀល ហើយបានពាក់ស្បង់ចីវរ ក្លែងជាព្រះសង្ឃ ដើរបិណ្ឌបាត រៃអង្គាសប្រាក់តាមផ្សារនិងតាមផ្ទះ ហើយជួលផ្ទះសំណាក់ស្នាក់នៅក្នុងប៉ោយប៉ែត ជាច្រើនថ្ងៃមកហើយ។ បន្ទាប់មកដឹងថា អភិបាលក្រុងប៉ោយប៉ែត ធ្វើពិធីបុណ្យរាប់បាត ក៏លួចបន្លំចូលជាមួយព្រះសង្ឃដទៃទៀត ក្រែងបានថវិកាពីការរាប់បាត ប៉ុន្តែនៅពេលនោះក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន។
ជនក្លែងជាសង្ឃទាំង២នាក់ខាងលើ ត្រូវចាប់ផ្សឹក ដោយដោះស្បង់ជីវរចេញ រួចប្រគល់ទៅឱ្យសមត្ថកិច្ចនាំយកទៅចាត់ការតាមច្បាប់៕