ភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានម្ចាស់ផ្ទះសំណាក់មួយសម្រេចចិត្តបង្ហោះរូបភាព និងសកម្មភាពនៅលើបណ្តាញសង្គមហ្វេសប៊ុក ធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបុរសរូបនោះបាននាំស្រីឡើងផ្ទះសំណាក់រួមរ័ក លុះរួចរាល់ ចុះមកវិញ ប្រាប់ថា ទៅយកលុយនៅក្នុងឡាន មកបង់ថ្លៃបន្ទប់ឱ្យ តែបែរជាបើករថយន្តរត់គេចបាត់ ជាហេតុធ្វើឱ្យម្ចាស់ផ្ទះសំណាក់ខឹង ក៏បង្ហោះរូបផ្អើលហ្វេសប៊ុកតែម្តង។ ភាគីម្ចាស់ផ្ទះសំណាក់ មិនបានបញ្ចោញយីហោផ្ទះសំណាក់របស់ខ្លួនដែរ ប៉ុន្តែបានបង្ហើបប្រាប់ថា ករណីបុរសខាងលើ មិនបានបង់ថ្លៃសេវាស្នាក់នៅ ឱ្យខាងផ្ទះសំណាក់របស់ខ្លួននេះ បានកើតឡើង តាំងពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩។
យោងតាមគណនីហ្វេសប៊ុកឈ្មោះ Nak Cams បានធ្វើការបង្ហោះរូបថត និងសារមួយផ្ញើទៅកាន់បុរសម្នាក់ដែលមានឡានជិះ ហើយ នាំស្រីស្នេហ៏មកគេងផ្ទះសំណាក់ ហើយបានគេចខ្លួនបាន រហូតទ្រាំមិនបានក៏បង្ហោះសារថា “សូមប្រកាសរកម្ចាស់រូប សូមយកលុយមកបង់ថ្លៃ បន្ទប់ដែលលោកបាននាំស្រីមកដេក យប់ថ្ងៃទី៧ ចូលទី៨.០១.១៩ ហើយមិនបង់លុយ ដោយប្រាប់បុគ្គលិកខ្ញុំថា ទៅយកលុយក្នុងឡានហើយ ឡើងឡានរត់បាត់ បើមិនមកបង់ទេខ្ញុំនឹងបង្ហោះវីដេអូទាំងអស់ ដែលមានរូបច្បាស់ប្រយ័ត្នខ្មាស់គេជាងនេះ លុយតិចតួចមិនសំខាន់តែកុំអោយធ្លាប់ និង ជាគំរូដល់អ្នកដ៏ទៃដែលខូចៗ បី-បួនដងហើយ តែភ្ញៀវផ្សេងៗគ្នា។
ជុំវិញរឿងរ៉ាវខាងលើនេះ “នគរធំ” មិនទាន់អាចទាក់ទងសុំការបំភ្លឺពីសាមីខ្លួន បុរសដែលទទួលរងការចោទប្រកាន់ថា ចូលដេកផ្ទះសំណាក់ តែមិនបង់លុយបន្ទប់ បាននៅឡើយទេកាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕