ខេត្តកណ្តាល ៖ ស្ត្រីអភ័ព្វម្នាក់ ត្រូវបានក្រុមគ្រួសារអះអាងថា មានផ្ទៃពោះគ្រប់ខែ និងបានធ្វើការសម្រាលដោយវះកាត់នៅមន្ទីរពេទ្យកាល់ម៉ែត លុះក្រោយពីវះកាត់សម្រាលរួច គ្រូពេទ្យអាចជួយសង្គ្រោះបានត្រឹមជីវិតកូនស្រី ខណៈដែលស្ត្រីជាម្តាយត្រូវបាត់បង់ជីវិតយ៉ាងអាណោចអាធ័មជាទីបំផុត ជាហេតុធ្វើឱ្យបុរសជាប្តីយំសោកបោកខ្លួន រំជួលចិត្តយ៉ាងខ្លាំង ព្រោះតែនឹកមិនដល់ថា ថ្ងៃផ្តល់កំណើតដល់កូនស្រី បែរជាប្រពន្ធជាទីស្រលាញ់ត្រូវចាកចោល ដោយគ្មានថ្ងៃត្រឡប់បែបនេះសោះ។
ស្ត្រីអភ័ព្វដែលសម្រាលកូនរួច បាត់បង់ជីវិតយ៉ាងអាណោចអាធ័មនេះ ត្រូវបានស្គាល់ឈ្មោះវ៉ែន សុខណា អាយុប្រមាណ៣០ឆ្នាំ មានប្តី ឈ្មោះនី កក្កដា អាយុស្របាលគ្នា។ ប្តីប្រពន្ធអ្នកទាំងពីរ ទើបនឹងដឹកដៃគ្នាចូលរោងការ កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ កន្លងទៅ តែអកុសល ស្ត្រីជាប្រពន្ធត្រូវស្លាប់ចោល ក្រោយពីសម្រាលកូនស្រីម្នាក់ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩។
យោងតាមគណនីហ្វេសប៊ុកឈ្មោះ Chan Sopheap បានបង្ហោះសារទុក្ខសោកមួយ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ថា “ម្តាយសុខចិត្តលះបង់គ្រប់យ៉ាង ដើម្បីតែកូន សូម្បីតែជីវិតរបស់ខ្លួនឯង មិនទាន់បានឃើញមុខកូនផង សោកស្តាយណាស់សំលាញ់ សូមជាតិណាៗៗ កុំឱ្យអាយុខ្លីចឹងទៀតណា សិស Sokna Ven …”។
ម្ចាស់គណនី ដដែលបន្តថា “RIP sis សូមគ្រូពេទ្យទាំងអស់ ត្រូវប្រុងប្រយ័ត្នផង មិនមែនចេះតែធ្វើៗៗទេ បើសិនគ្រួសារបងប្អូនអ្នកបានបានយល់ថា អារម្មណមួយនឹងយ៉ាងមិច…”។
ចំណែកគណនីហ្វេសប៊ុកឈ្មោះ Ah Na KonMak បានបង្ហោះសារមួយដែរថា “ព្រហ្មលិខិតពិតជាកំណាចណាស់ ឱ្យជួបគ្នាហើយ ម្តេចក៏បំបែកលឿនម៉្លេះ រន្ធត់ចិត្តហើយអាណិតណាស់ មិននឹកស្មានថា បងលាចាកលោកលឿនយ៉ាងនេះសោះ…”។
ដោយឡែក គណនីហ្វេសប៊ុករបស់បុរសជាប្តីស្ត្រីរងគ្រោះខាងលើ បានបង្ហោះសារចំនួន២ ដាច់ដោយឡែកពីគ្នា ដោយសារទី១ សរសេរថា “ស្វាគមន៏សមាជិកថ្មី រីករាយថ្ងៃកំណើតកូនស្រី ថ្ងៃពុធ ទី១៦.០១.២០១៩ ១២ៈ៣៥នាទី…”។ រីឯសារទី២ ត្រូវបានបង្ហោះយ៉ាងខ្លីថា “RIP my wife…”។
តាមរយៈការឆ្លើយតបទៅនឹងសំណួររបស់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន មិត្តភក្តិនិងសាច់ញាតិរបស់ស្ត្រីរងគ្រោះខាងលើ បានបញ្ជាក់ឱ្យដឹងថា ស្ត្រីរងគ្រោះបានសម្រាលដោយវះកាត់នៅមន្ទីរពេទ្យកាល់ម៉ែត ប៉ុន្តែ មូលហេតុដែលនាំឱ្យស្ត្រីជាម្តាយត្រូវបាត់បង់ជីវិតនេះ មិនដឹងទាន់ច្បាស់នៅឡើយ ដោយគ្រាន់តែដឹងថា ការវះកាត់ ជួយបានតែកូន តែម្តាយស្លាប់ ប៉ុន្តែបើតាមការសួរនាំមុនសម្រាលឃើញថា សុខភាពទាំងម្តាយទាំងកូន គឺល្អធម្មតាទាំងអស់ តែចុងក្រោយ បែរជាជួបគ្រោះអកុសលបែបនេះទៅវិញ។
ដោយឡែក តាមការបញ្ជាក់ពីបុរសជាប្តីស្ត្រីរងគ្រោះ សាកសពស្ត្រីជាប្រពន្ធរបស់ខ្លួន ត្រូវបានដឹកបញ្ជូនទៅតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅវត្តព្រះធាតុ ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល៕