Monday, July 14, 2025
Homeព័ត៌មានជាតិតាមពិតអ្នកស្និទ្ធស្នាលគ្នាសោះ!!! ចាប់ខ្លួនឃាតករស្រី រឹតកសម្លាប់ប្លន់យក៤ម៉ឺនដុល្លារ

តាមពិតអ្នកស្និទ្ធស្នាលគ្នាសោះ!!! ចាប់ខ្លួនឃាតករស្រី រឹតកសម្លាប់ប្លន់យក៤ម៉ឺនដុល្លារ

ខេត្តកណ្តាល ៖ ជនសង្ស័យជាឃាតករដៃឆៅ ដែលបានធ្វើសកម្មភាពចាប់រឹតកស្ត្រីម្នាក់សម្លាប់យ៉ាងឃោរឃៅ រួចប្លន់ប្រមូលទ្រព្យសម្បត្តិ គ្រឿងអលង្ការ និងលុយកាក់អស់ប្រមាណជាង៤ម៉ឺនដុល្លារ កាលពីល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិបឹងឃុំរកា ស្រុកកណ្តាលស្ទឹង ត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបាន កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិកំពង់សំរោង ឃុំស្រយ៉ូវ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ។

ឃាតករដៃឆៅដែលត្រូវសមត្ថកិច្ចចាប់ខ្លួន មានឈ្មោះសុខ ចាន់ថា ភេទស្រី អាយុ៣៩ឆ្នាំ  មានលំនៅភូមិបឹងឃុំរកា ស្រុកកណ្តាលស្ទឹង។ ចំណែកស្ត្រីរងគ្រោះ មានឈ្មោះឈុន ទូ អាយុ ៥៦ឆ្នាំ មុខរបរចងការប្រាក់ មានស្រុកកំណើតនៅឃុំស្រែអំបិល ស្រុកបទុមសាគរ ខេត្តកោះកុង មានប្តីឈ្មោះវង្ស សម្បត្តិ អាយុ៥៤ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅភូមិបឹងឃុំរកា ស្រុកកណ្តាលស្ទឹង។ ហលយជនរងគ្រោះនិងឃាតករ ជាអ្នកធ្លាប់ស្គាល់គ្នាស្និទ្ធស្នាល និងធ្លាប់បានលេងល្បែងស៊ីសង លេងបៀរជាមួយគ្នា ។ដោយឡែក សម្ភារៈដែលបាត់បង់ រួមមាន លុយដុល្លារ ចំនួន៣ម៉ឺនដុល្លារ, លុយខ្មែរ ចំនួន២លានរៀល, ខ្សែកមាស ២តម្លឹង, ចិញ្ចៀនមាស ៥ជី និងខ្សែដៃមាស ៥ជី។

តាមប្រភពពីសមត្ថកិច្ចខេត្តកណ្តាល បានឱ្យដឹងថា ការចាប់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងដោយកម្លាំងការិយាល័យព្រហ្មទណ្ឌ កម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក្រោមការដឹកនាំពីឧត្តមសេនីយ៍ត្រី រឿន ណារ៉ា ស្នងការរងទទួលផែនព្រហ្មទណ្ឌ និងលោកវរសេនីយ៍ ចៅ វុឌ្ឍី ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដោយមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល សហការជាមួយកម្លាំងព្រហ្មទណ្ឌខេត្តកំពង់ធំ និងឈានដល់ការបង្ក្រាបឃាត់ខ្លួនស្ត្រីសង្ស័យជាឃាតករ ឈ្មោះសុខ ចាន់ថា ដែលកំពុងសម្ងំលាក់ខ្លួននៅចំណុចភូមិកំពង់សំរោង ឃុំស្រយ៉ូវ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ។

ប្រភពដដែលបន្តថា ក្រោយចាប់ខ្លួនស្ត្រីសង្ស័យជាឃាតករបាន សមត្ថកិច្ចក៏បានដកហូតវត្ថុតាងមួយចំនួន រួមមាន លុយដុល្លារអាមេរិក ចំនួន៦៣២ដុល្លារ, (ក្រដាស១០០ ចំនួន៤សន្លឹក, ក្រដាស៥០ ចំនួន២សន្លឹក ក្រដាស២០ ចំនួន៦សន្លឹក, ក្រដាស៥ដុល្លារ ចំនួន២សន្លឹក និងក្រដាស២ដុល្លារ ចំនួន២សន្លឹក) លុយរៀល សរុបចំនួន៤៦០.០០០រៀល, លោហធាតុពណ៌លឿង ខ្សែក ១ខ្សែ, ក្បាច់ច្រវាក់ឆាប បន្តោងយុថ្កា, លោហធាតុ ពណ៌លឿង ខ្សែដៃ១ខ្សែ,
ម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៧ ផ្លាកលេខតាកែវ ៦៤៥២ (បង់រំលស់) , អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គំរូចាស់១សន្លឹកលេខ ០២០០៤៨៦៤៩៧, ខ្សែអង្រឹងពណ៌ត្រេអ៊ី ប្រវែង៣,១៣០សង្ទីម៉ែត្រ, អាវយឺតដៃខ្លី ពណ៌លឿង ចំនួន១, ខោជើងវែងពណ៌ខ្មៅ លាយឆ្នូតស ចំនួន១ និងស្បែកជើងផ្ទាត់១គូ ពណ៌សូកូឡា ។

សមត្ថកិច្ចបានឲ្យដឹងបន្តថា មុនពេលធ្វើសកម្មភាព ជនសង្ស័យបានមកលេងផ្ទះជនរងគ្រោះនៅវេលាម៉ោងប្រហែល១១:០០នាទីជាង ក្រោយមកជន រងគ្រោះបាននាំចូលមើលកំរាលពូកទើបទិញថ្មីនៅក្នុងបន្ទប់ ពេលនោះជនសង្ស័យក៏ដើរតាមក្រោយ យកខ្សែអង្រឹងរឹតកជនរងគ្រោះរហូតដល់ស្លាប់ រួចដោះយកខ្សែកមាស ខ្សែដៃមាស នឹងបើកយកលុយពីក្នុងកាបូបខ្មៅដាក់ក្នុងទូរជ័រ បានប្រាក់ដុល្លារចំនួន៦៣២$ និងលុយខ្មែរ ៤៦០.០០០រៀល បន្ទាប់មកជនសងស្័យបានរត់គេចខ្លួនចេញតាមទ្វារក្រោយ ផ្លោះរបងលួសខាងត្បូងផ្ទះជនរងគ្រោះសំដៅទៅផ្ទះយាយនី ភូមិគរដី ឃុំព្រះនិពាន្ដ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ អង្គុយលេងបៀរ រហូតដល់ម៉ោងប្រហែលជាង១៨និង០០នាទីល្ងាច ទើបត្រឡប់មកផ្ទះវិញ ដោយមិនបានប្រាប់ប្ដីពីសកម្មភាពសម្លាប់ជនរងគ្រោះនោះទេ លុះដល់វេលាទៀនភ្លឺថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ជនសង្ស័យជិះម៉ូតូទៅផ្ទះបងថ្លៃ ឈ្មោះ ញ៉ នៅភូមិម្រះព្រៅ ខេត្តតាកែវ ទើបវេលាម៉ោងប្រហែល៥ល្ងាចថ្ងៃដដែល ប្តីជនសង្ស័យបានដឹកកូន៣នាក់ ទៅតាមក្រោយ ដេកមួយយប់ លុះដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល១៧និង៣០នាទីព្រឹក ជនសង្ស័យបាននាំប្ដីនិងកូនប្រុស០៣នាក់ ជិះម៉ូតូ០១គ្រឿងម៉ាក C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ មកបេនឡាននៅភ្នំពេញ ជិះឡានឈ្នួលទៅផ្ទះបងថ្លៃ នៅខេត្តកំពង់ធំ លុះដល់ម៉ោងប្រហែលជាង១៧:០០នាទីរសៀល រួចសម្រាកមួយយប់ទៀត ទើបព្រឹកឡើងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ។

ស្ត្រីសង្ស័យជាឃាតករខាងលើ ត្រូវបានសមត្ថកិច្ចនាំខ្លួនចេញពីខេត្តកំពង់ធំ បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីធ្វើការសាកសួរបន្ថែម មុននឹងរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី។

តាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា មូលហេតុដែលជនសង្ស័យសម្លាប់ជនរងគ្រោះ ដើម្បីចង់បានទ្រព្យសម្បត្តិ ដោយសារជំពាក់ប្រាក់ធនាគារ និងអ្នកនៅក្នុងភូមិ សរុបជាង៤.០០០$។

គួររំលឹកថា កាលពីវេលាម៉ោង៥និង១០នាទីល្ងាច ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ មានករណីប្លន់សម្លាប់ដ៏ឃោរឃៅមួយបានកើតឡើង នៅចំណុចភូមិបឹងឃុំរកា ស្រុកកណ្តាលស្ទឹង  ដោយស្ត្រីម្នាក់កំពុងនៅចាំផ្ទះតែម្នាក់ឯង ខណៈដែលប្តីរវល់ចេញទៅធ្វើការ ស្រាប់តែត្រូវជនសង្ស័យមិនស្គាល់មុខម្នាក់ បានធ្វើសកម្មភាព ចាប់ច្របាច់កសម្លាប់ រួចប្លន់យកទ្រព្យសម្បត្តិ គ្រឿងអលង្ការ និងលុយកាក់អស់ប្រមាណជាង៤ម៉ឺនដុល្លារ លុះល្ងាចឡើង បុរសជាប្តីត្រឡប់មកវិញ ប្រទះឃើញប្រពន្ធដេកស្លាប់ស្តូកស្តឹង  ទើបស្រែកឆោឡោផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍។

តាមសម្តីបុរសជាប្តីរបស់ស្ត្រីរងគ្រោះ បាន រៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាល ពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩  គាត់បានចេញពីផ្ទះទៅធ្វើការដូចសព្វដង ដោយទុកឱ្យប្រពន្ធនៅចាំផ្ទះតែម្នាក់ឯង។ រហូតមកដល់វេលាម៉ោង៥និង១៥នាទី ទើបគាត់បានត្រឡប់មកពីធ្វើការដល់ផ្ទះ មិនឃើញប្រពន្ធរបស់គាត់ ហើយគាត់បានស្រែកហៅប្រពន្ធ ២-៣ម៉ាត់ដែរ តែអត់ឮឆ្លើយ តែឃើញទ្វារខាងមុខបើកចំហ ប៉ុន្តែមិនបានចាប់អារម្មណ៍នោះទេ  នឹកស្មានថាប្រពន្ធគាត់មិនឮ ឬនៅក្នុងបន្ទប់ទឹក  ក៏អូសម៉ូតូចូលទៅក្នុងផ្ទះទុក រួចដើរទៅផ្ទះបាយខាងក្រោយ បន្ទាប់មកក៏ដើរចេញពីផ្ទះ ទៅរកកាត់សក់នៅក្បែរផ្ទះដែរ ប៉ុន្តែជាងជាប់រវល់ ទើបគាត់បានដើរត្រឡប់មកផ្ទះវិញ។

បុរសជាប្តី បន្តថា ពេលត្រឡប់មកវិញ  គាត់ក៏បានស្រែកហៅប្រពន្ធរបស់គាត់ម្តងទៀត តែនៅតែមិនឃើញឆ្លើយ ទើបគាត់បានដើរទៅរកជុំវិញផ្ទះ បន្ទាប់មកក៏បើកទ្វារបន្ទប់ចូលទៅមើល ស្រាប់តែប្រទះឃើញប្រពន្ធរបស់គាត់បានដេកដួលនៅនឹងការ៉ូខាងមុខទូដាក់លុយ ដែលបានបើកនិងរើកកាយអស់ទៅហើយ ធ្វើឱ្យគាត់ប្រញាប់ស្ទុះទៅបីត្រកងយកចេញមកក្រៅ ទើបដឹងថា ប្រពន្ធបានស្លាប់បាត់ទៅហើយ ទើបប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកពិនិត្យតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់ទីតាំងកើតហេតុ និងបានបង្កើតគណៈកម្មការពិនិត្យ​ រួមមាន អាជ្ញាធរមូលដ្ឋាន និងគ្រូពេទ្យ កោសល្យវិច័យខេត្ត ជំនាញស្រុក លុះបន្ទាប់ពី ពិនិត្យ និងធ្វើកោសល្យវិច័យសពរួច បញ្ជាក់ថា  សាកសពមានស្នាមរលាត់លើចង្កាខាងឆ្វេង ប្រវែង ១សង្ទីម៉ែត្រ មានស្នាមរលាត់នៅលើស្លាបច្រមុះខាងស្តាំ មានស្នាមរលាត់លើផ្នែកចង្កាខាងក្រោម ប្រវែង១សង្ទីម៉ែត្រ មានស្នាមជាំនៅលើក្បាលជង្គង់ខាងឆ្វេង មានស្នាមរលាត់ចង្វែកមេដៃខាងឆ្វេង រីកប្រស្រីភ្នែក (ប្រឹង)  និងមានស្នាមបែកបបូរមាត់លើក្រោមទៀតផង។

បន្ទាប់ពីធ្វើសកម្មភាពប្លន់សម្លាប់ស្ត្រីរងគ្រោះរួច ជនសង្ស័យជាឃាតករ បានព្យាយាមរត់គេចខ្លួន ទៅសម្ងំលាក់ខ្លួនរហូតដល់ខេត្តកំពង់ធំ តែទីបំផុត ឈាមស្រែកស្បែកហៅ ក៏ត្រូវសមត្ថកិច្ចជំនាញស្រាវជ្រាវកំណត់មុខសញ្ញា បានក៏ឈានដល់ការតាមប្រមាញ់ចាប់ខ្លួនរហូត ដល់ខេត្តកំពង់ធំ ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES