ខេត្តបន្ទាយមានជ័យ ៖ បុរសជាប្តីចិត្តកំណាចម្នាក់ បានចុចទូរស័ព្ទទៅរកប្រពន្ធ គាប់ជួនទូរស័ព្ទប្រពន្ធអស់ថ្ម ទើបមិនបានលើក ស្រាប់តែពេលត្រឡប់មកដល់ផ្ទះវិញ ក៏ត្រូវបុរសជាប្តីទាញ ដុំថ្មគប់ចំកណ្តាលខ្នង បណ្តាលឱ្យរងរបួស និងថែមទាំងទាញដុំថ្មគប់ទាំងម្តាយក្មេក ព្រមទាំងកូនតូចរបស់ខ្លួនទាំង២នាក់ទៀត តែត្រូវស្ត្រីជាប្រពន្ធ ដឹកដៃម្តាយ និងកូនតូចរត់គេចចេញពីផ្ទះ និងទៅ ប្តឹងកម្លាំងអាវុធហត្ថឱ្យចាប់ខ្លួនប្តីយកមកចាត់ការតាមច្បាប់។
ករណីអំពើហិង្សា ប្តីគប់ដុំថ្មដាក់ប្រពន្ធ បណ្តាលឱ្យរងរបួសនេះ បានកើតឡើង កាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្លូវរថភ្លើង ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ លុះមកដល់វេលាម៉ោង១រសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ ២០១៩ ក្រោយពីទទួលបានពាក្យបណ្តឹងពីស្ត្រីរងគ្រោះជាប្រពន្ធ ទើបកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនបុរសជាប្តី។
ស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះជុំ ស៊ីណាត អាយុ២៤ឆ្នាំ មុខរបរជាបុគ្គលិកហាងលក់ទំនិញមួយកន្លែង។ ចំណែកជនដៃដល់ជាប្តី មានឈ្មោះឡាយ លាភ អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ។ ប្តីប្រពន្ធខាងលើ មានលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ តាមការបំភ្លឺរបស់ជនរងគ្រោះ បានឱ្យដឹងថា នាងជាបុគ្គលិកធ្វើការនៅហាងលក់ទំនិញមួយកន្លែង ដោយខ្លួនរវល់ពេក ហើយទូរស័ព្ទអស់ថ្ម ក៏ដោតសាកថ្មទូរស័ព្ទ ចោលនៅហាង ហើយមិនបានដឹងថា ប្តីរបស់ខ្លួនហៅទូរស័ព្ទមកទេ។ លុះចប់ការងារទៅដល់ផ្ទះ វិញក៏ត្រូវប្តីរករឿង និងយកដុំថ្មគប់មកលើនាង និងម្តាយរបស់នាងទៀតផង ហើយបម្រុងវាយទាំងកូន២នាក់ទៀត ទើបនាងប្រញាប់ដឹកដៃកូន និងនាំម្តាយរត់ចេញពីផ្ទះទាន់ រួចក៏មកដាក់ពាក្យបណ្តឹងឱ្យកម្លាំងអាវុធហត្ថជួយអន្តរាគមន៍តែម្តង។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានបញ្ជាក់ថា ក្រោយពីធ្វើការសាកសួរជនសង្ស័យបានសារភាពថា នៅថ្ងៃកើតហេតុខ្លួន បានទូរស័ព្ទហៅប្រពន្ធឱ្យមកផ្ទះ តែប្រពន្ធមិនលើកទូរស័ព្ទសោះ ហើយលុះដល់ម៉ោង១០យប់ ទើបមកផ្ទះវិញ ធ្វើឱ្យខ្លួនខឹងជាខ្លាំង ទើបប្រើហិង្សាទៅលើប្រពន្ធ ដោយយកដុំថ្មគប់ទៅលើប្រពន្ធត្រូវចំខ្នង បណ្តាលឱ្យរងរបួសតែម្តង។
គួរបញ្ជាក់ថា ជនសង្ស័យខាងលើ ធ្លាប់ជាប់ពន្ធនាគារម្តងរួចមកហើយ ពីបទហិង្សាប្រព្រឹត្តដោយសហព័ទ្ធ ក្រោយចេញពីពន្ធនាគារវិញ ក៏នៅតែមិនរាងចាលដដែល។
ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ យោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថ និងយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ឃើញមានតម្រុយពិរុទ្ធភាពនៃបទល្មើសជាក់លាក់ ជនសង្ស័យខាងលើ អាចត្រូវចោទពីបទហិង្សាប្រព្រឹត្តដោយសហព័ទ្ធ ទើបកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី៕