ភ្នំពេញ ៖ ឆេះឃ្លាំងស្តុកខោអាវជជុះ មានទំហំ១០ម៉ែត្រ គុណនឹង២០ម៉ែត្រ (ឆេះអស់ទាំងស្រុង) ជាកម្មសិទ្ធិរបស់ ឈ្មោះហេង ឆាយ អាយុ៦៦ឆ្នាំ ចំនួន២ឃ្លាំង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការខូចខាតទ្រព្យសម្បត្តិ គិតជាទឹកប្រាក់អស់ប្រមាណ២ម៉ឺនដុល្លារ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១ និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ នៅចំណុចឃ្លាំងស្តុកខោអាវជជុះ ស្ថិតក្នុងភូមិព្រែកទាល់ ក្រុមទី៥ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។
តាមសម្តីជនរងគ្រោះជាម្ចាស់ឃ្លាំងខាងលើ បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី២០ ខែមករាឆ្នាំ២០១៩ គាត់បានចូលសម្រាកនៅក្នុងបន្ទប់ក្នុងឃ្លាំងដូចសព្វដង។ ស្រាប់តែមកដល់វេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ក៏កើតមានការឆាបឆេះឡើង និងរាលដាលយ៉ាងសន្ធោសន្ធៅនៅក្នុងផ្ទះរប់សគាត់តែម្តង ទើបគាត់ប្រញាប់ស្ទុះរត់ចេញមកក្រៅ ស្រែកឆោឡោ និងរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះជួយអន្តរាគមន៍ភ្លាមៗតែម្តង។
បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ខាងលើ សមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងកើតហេតុ និងបានរាយការណ៍សុំអន្តរាគមន៍បន្ត ពីភ្នាក់ងារពន្លត់អគ្គិភ័យ របស់ស្នងការរាជធានីភ្នំពេញ បញ្ជូនរថយន្តពន្លត់អគ្គិភ័យ មកជួយបាញ់ទឹកពន្លត់ភ្លាមៗ ដោយប្រើរថយន្តពន្លត់អគ្គិភ័យ របស់ស្នងការរាជធានីភ្នំពេញចំនួន៨គ្រឿង ប្រើទឹកអស់២០រថយន្ត រួមទាំងឡានរបស់បញ្ជាការអាវុធហត្ថរាជធានីភ្នំពេញចំនួន៣គ្រឿង ប្រើទឹកអស់៣រថយន្ត សរុបទាំងអស់ចំនួន១១គ្រឿង ប្រើប្រាស់អស់ទឹក២៣រថយន្ត។ ក្នុងការអន្តរាគមន៍ពន្លត់អគ្គិភ័យនេះ ត្រូវបានគ្រប់គ្រង ស្ថានការណ៏បាន១០០ភារយ គឺរលត់ទៅវិញនៅវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃដដែល។
ជុំវិញករណីគ្រោះអគ្គិភ័យខាងលើនេះ ម្ចាស់ឃ្លាំងខាងលើបានអះអាងថា មូលហេតុដែលបណ្តាលឱ្យមានការឆាបឆេះនេះ គឺមកពីឆ្លង ចរន្តអគ្គិសនី និងធ្វើឱ្យខាតបង់ទ្រព្យសម្បត្តិគិតជាសាច់ប្រាក់ជាង២ម៉ឺនដុល្លារ៕