ភ្នំពេញ ៖ ក្មេងប្រុសជាសិស្សសាលាម្នាក់ ទើបនឹងចេញពីរៀន ឈរចាំជិះរថយន្តក្រុងត្រឡប់ទៅផ្ទះ ក៏ស្រាប់តែត្រូវជនសង្ស័យម្នាក់ ធ្វើសកម្មភាពចាប់យកទៅ់បង្ខាំងទុក បន្ទាប់មកក៏ទូរស័ព្ទទៅគំរាមទារប្រាក់ពីឪពុកម្តាយក្មេងប្រុសរងគ្រោះ ចំនួន២ពាន់ដុល្លារ តែបានត្រឹម៥០០ដុល្លារ ក៏ព្រមដោះលែងក្មេងប្រុសមកវិញ បន្ទាប់មកក៏រត់ទៅសម្ងំលាក់ខ្លួនអស់រយៈពេលប្រមាណ២ខែ ទីបំផុត ក្រោយពីសមត្ថកិច្ចជំនាញ សហការគ្នាធ្វើ ការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ក៏ឈានដល់ការចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់។
គួរបញ្ជាក់ថា ករណីចាប់ជំរិតក្មេងប្រុសជាសិស្សសាលាខាងលើនេះ បានកើតឡើងតាំងពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅ នៅត្រង់ចំណុចចំណតរថយន្តក្រុងមុខម៉ូឌែន៥ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងក្រុមទី១ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។ លុះមកដល់វេលាម៉ោង៥ និង១៥នាទីល្ងាច ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ទើបសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចផ្ទះសំណាក់ ដារ៉ាវង្ស ស្ថិតក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះស្រេង បូរី អាយុ២៤ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើត នៅភូមិកូនក្អែក១ ឃុំរបោះមង្គល ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង។ ចំណែកក្មេងប្រុសរងគ្រោះមានឈ្មោះឈុន សុវណ្ណរ័ត្ន អាយុ១៤ឆ្នាំ មុខរបរ ជាសិស្សសាលា មានម្តាយឈ្មោះឱក សុភី អាយុ៥០ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ១៧ំ ផ្លូវលំ ក្រុម១៤ ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
គួររំលឹកថា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង០៧:០០នាទីព្រឹក កូនរបស់ជនរងគ្រោះឈ្មោះ ឈុន សុវណ្ណារ័ត្ន បានមករៀននៅសាលាវិទ្យាល័យឫស្សីកែវ ក៏បានបាត់រហូតដល់ម៉ោង១២និង៤៧នាទី ក្នុងថ្ងៃខែឆ្នាំដដែល ក៏មានជនសង្ស័យម្នាក់ប្រើលេខទូរស័ព្ទ 096 872 8255 តេមកប្រាប់ក្រុមគ្រួសារជនរងគ្រោះថា បើចង់ឱ្យកូនត្រឡប់ទៅផ្ទះវិញផ្ញើលុយ២០០០$ មកឱ្យជនសង្ស័យ បន្ទាប់មកក្រុមគ្រួសារជនរងគ្រោះក៏បានធ្វើការតថ្លៃគ្នា តាមលេខទូរស័ព្ទរហូតនៅសល់តែ៥០០$ លុះរហូតមកដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង០៦និង០០នាទី ជនរងគ្រោះបានផ្ញើលុយតាម់ Wing ចំនួន៥០០$ ទៅឱ្យជនសង្ស័យ បានមួយសន្ទុះ ជនសង្ស័យបានទារប្រាក់២០០$បន្ថែមទៀត តែជនរងគ្រោះបានសុំឱ្យ៥០$ បន្ទាប់មកជនសង្ស័យបានឱ្យជនរងគ្រោះផ្ញើ៥០$ ទៅឱ្យខ្លួន ក្រោយពីជនរងគ្រោះបានផ្ញើលុយទៅបាន៣០នាទី ក៍ឃើញកូនរបស់ខ្លួនវិលមកផ្ទះវិញ លុះមកដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ទើបសមត្ថកិច្ចស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យបានតែម្តង៕