ភ្នំពេញ ៖ យុវជនមួយក្រុម បាននាំគ្នាទៅមើលការប្រគំតន្ត្រី លុះពេលកំពុងអង្គុយលេងនៅលើម៉ូតូសុខៗ ក៏ត្រូវក្មេងទំនើង១ក្រុម ព្រួតវាយ បណ្តាលឱ្យរងរបួសរយះក្បាលម្នាក់ ចំណែក៣នាក់ទៀត រងរបួសស្រាល បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីម៉ោង៩និង៣៥នាទី យប់ថ្ងៃទី១៩ ខែមករាឆ្នាំ២០១៩ នៅកន្លែងប្រគំតន្ត្រីមួយកន្លែង ស្ថិតក្នុងភូមិអូរឌឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះដែលត្រូវក្មេងទំនើងវាយឱ្យរងរបួសធ្ងន់ មានឈ្មោះសេង ជូឡា ភេទប្រុស អាយុ២១ឆ្នាំ ជានិស្សិត ស្នាក់នៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ (រងរបួសបែកចំកណ្តាលក្បាល)។ ចំណែកជនរងគ្រោះចំនួន៣នាក់ទៀត មិនបានប្រាប់ពីអត្តសញ្ញាណឡើយ។
ក្រោយកើតហេតុ ក្រុមក្មេងទំនើងខាងលើ បាននាំគ្នារត់គេចខ្លួនបាត់ស្រមោលអស់។
ចំណែកជនរងគ្រោះ ត្រូវមិត្តភក្តិនាំទៅមន្ទីរពេទ្យព្យាបាលរបួសរួច ក៏នាំគ្នាទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ៣ ដើម្បីឱ្យជួយអន្តរាគមន៍តាមស្រាវជ្រាវចាប់ខ្លួនក្រុមជនសង្ស័យនាំយកមកចាត់ការតាមច្បាប់ ដោយក្នុងចំណោមក្មេងទំនើងនេះ មានគេស្គាល់មុខម្នាក់ច្បាស់ណាស់៕