បុរសម្នាក់ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីបានធ្វើសកម្មភាពយកអំបោស និងខ្សែក្រវ៉ាត់ វាយលើកុមារអាយុ៤ឆ្នាំ បណ្តាលឲ្យរងរបួសបាក់ឆ្អឹងដងកាំបិតខាងស្តាំ និងរបួសលើដងខ្លួន កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១៨និង០០នាទី នៅចំណុចផ្ទះសង់ថ្មី ផ្លូវរថភ្លើងភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
ជនសង្ស័យដែលប្រើហិង្សាលើក្មួយប្រសុសខ្លួនឯង មានឈ្មោះប៉ែន ចាន់ត្រា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបររត់ម៉ូតូកង់បី ជនជាតិខ្មែរ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវរថភ្លើងភូមិដីថ្មី សង្កាត់គោកឃ្លាង។ ចំណែកហ.ទ.វ ភេទប្រុស អាយុ០៤ឆ្នាំ រស់នៅជាមួយជនសង្ស័យដែលត្រូវជាអ៊ំ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ សមត្ថកិច្ចបានទទួលការរាយការណ៍ពីប្រជាពលរដ្ឋថា មានបុរសម្នាក់បានប្រើអំពើហិង្សាវាយដំលើកុមារយ៉ាងឃោរឃៅ ដោយមានស្នាមរយះពេញមុខ និងរូបររាងកាយ។ ភ្លាមៗនោះ សមត្ថកិច្ចបានដឹកនាំកម្លាំងចុះដល់កន្លែងកើតហេតុ រំដោះក្មេងប្រុសរងគ្រោះមកកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ហើយបានជួយព្យាបាលក្មេងប្រុសរងគ្រោះនោះ ហើយបានស្រាវជ្រាវរកមុខជនសង្ស័យឃោរឃៅ។
លុះដល់វេលាម៉ោង១៨និង០០នាទី ល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ សមត្ថកិច្ចបានឃាត់ខ្លួនបានជនសង្ស័យនៅផ្ទះតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានវាយដំលើក្មួយប្រុសខ្លួនឯងប្រាកដមែន មូលហេតុដោយសារតែក្មួយប្រុសរូបនោះចេះតែបោះសម្ភារៈក្នុងផ្ទះចេញក្រៅផ្ទះ ធ្វើឲ្យខ្លួនខឹងក្រោធ ក៏បានយកអំបោសនិងខ្សែក្រវ៉ាត់ក្រវ៉ាត់វាយ រួចបានទាត់ធាក់ បណ្តាលឲ្យបាក់ឆ្អឹងដងកាំបិតខាងខាងស្តាំតែម្តង។
បច្ចុប្បន្ន កុមារារងគ្រោះត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ច នាំយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផា ចំែណកជនសង្ស័យ សមត្ថកិច្ចកំពុងរៀបចំសំណុំឯកសារបញ្ជូនខ្លួនទៅតកាន់តុលាការ ដើម្បីអនុវត្តតាមនីតិវិធីបន្ត៕