នារីស្រស់ស្អាតម្នាក់ ត្រូវបានស្លាប់យ៉ាងអាណោចអាធ័មនៅកណ្តាលផ្លូវ ដោយសារតែជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្តតាមបុកពីក្រោយពេញទំហឹង ហេតុការណ៍ដ៏រន្ធត់នេះកើតឡើងកាលពីវេលាម៉ោង១និង១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ នៅចំណុចជាប់របងសួនសុបិន្តចំការព្រីង ស្ថិតតាមបណ្តោយផ្លូវ២០១១ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
នារីដែលជួបគ្រោះថ្នាក់ចរាចរណ៍ដែលត្រូវរថយន្តតាមបុកពីក្រោយរហូតដល់ស្លាប់ មានឈ្មោះស្រីមុំ អាយុ២៨ឆ្នាំ ជាបុគ្គលិកកន្លែងវាយកូនហ្គោល ផ្លូវហាណូយ មានស្រុកកំណើតនៅភូមិរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញនារីរងគ្រោះជិះម៉ូតូ១គ្រឿង ម៉ាក Zoomer X ពណ៌សលាយទឹកក្រូច។ ពេលនោះ ស្រាប់តែមានរថយន្ត១គ្រឿង ម៉ាកLexus មិនចាំស៊េរីនិងពណ៌ បានបើកតាមពីក្រោយយ៉ាងលឿន ដេញតាមបុកម៉ូតូជនរងគ្រោះដួលស្លាប់ កណ្តាលផ្លូវយ៉ាងអាណោចអាធ័មបំផុត។
ប្រភពបានបន្តទៀតថា ក្រោយពេលបុកជនរងគ្រោះស្លាប់ហើយ រថយន្តបង្កបានធ្លាក់មុខ អក្សរឡិចសុីស រួចព្យាយាមបើករត់គេចបាត់ស្រមោល សល់តែសាកសពនារីរងគ្រោះនិងម៉ូតូ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងជំនាញ មកវាស់វែងយកម៉ូតូរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំសាច់ញាតិយកឯកសារមកផ្ទៀងផ្ទាត់ និងប្រគល់ជូនវិញ។ ដោយឡែក សាកសពនារីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី៕