ខេត្តព្រៃវែង ៖ បុរសម្នាក់បានទៅចូលរួមមង្គលការគេ និងបានផឹកស៊ីរហូតដល់ស្រវឹងជោកជាំ លុះត្រឡប់មកផ្ទះវិញ ខ្ជិលដើរវាងផ្លូវឆ្ងាយ ក៏សម្រេចចិត្តហែលទឹកឆ្លងទន្លេតូច ស្រាប់តែអកុសល ដោយសារស្រវឹងជ្រុល ហែលមិនរួច ក៏បណ្តាលឱ្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម លុះរំលងបាន១យប់ ទើបប្រទះឃើញសាកពអណ្តែតក្នុងទឹកទន្លេ។
ករណីបុរសស្រវឹងហែលទឹកឆ្លងទន្លេ បណ្តាលឱ្យលង់ស្លាប់ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ នៅចំណុចទន្លេតូច ស្ថិតក្នុងភូមិពន្លៃ(ឡ) ឃុំបាបោង ស្រុកពាមរក៍។ លុះមកដល់វេលាម៉ោង៧ព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ ទើបមានគេ ប្រទះឃើញសាកសពជនរងគ្រោះអណ្តែតក្នុងទឹកទន្លេ។
បុរសរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះសុន ក្រឹម អាយុ៣៨ឆ្នាំ មុខរបរកម្មករ មានលំនៅក្នុងភូមិត្បែង ឃុំត្រពាំងស្រែ ស្រុក មេសាង បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្ន ក្នុងភូមិបឹងក្អែក ឃុំពាមមានជ័យ ស្រុកពាមរក៍។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ពោលគឺមិនពាក់ព័ន្ធទៅករណីអ្វីផ្សេងនោះទេ។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕