Tuesday, July 15, 2025
Homeព័ត៌មានជាតិប៉ះចំអាស្រាតភ្លាម ដួលសន្លប់បាត់មាត់បាត់កឈឹងតែម្តង

ប៉ះចំអាស្រាតភ្លាម ដួលសន្លប់បាត់មាត់បាត់កឈឹងតែម្តង

ខេត្តកោះកុង ៖ កាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩  យុវជនជាកម្មកសំណង់ម្នាក់ មានឈ្មោះវិត ឆាន់ អាយុ២៣ឆ្នាំ មុខរបរកម្មករ មានស្រុកកំណើត នៅភូមិស្រម៉ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង បានឡើងទៅរុះរើដែកនៅជាន់ទី៣ ស្រាប់តែអកុសល ដែកបានធ្លាក់ទៅប៉ះជាមួយនឹងខ្សែភ្លើងស្រាត ធ្វើឱ្យឆ្លងចរន្តឆក់ស្លាប់យ៉ាងអាណោចអាធ័ម ស្ថិតនៅក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានមករុះរើផ្ទះឱ្យឈ្មោះនាម យ៉ុង នៅចំណុចភូមិ សង្កាត់កើតហេតុខាងលើ បន្ទាប់មកជនរងគ្រោះ ក៏ឡើងទៅរុះរើដែកនៅជាន់ទី៣ ស្រាប់តែក្រោយមក ដែកដែលជនរងគ្រោះកាន់ បានធ្លាក់មកប៉ះជាមួយនឹងខ្សែភ្លើងស្រាត ធ្វើឱ្យឆ្លងចរន្តឆក់ជនរងគ្រោះដួលសន្លប់បាត់មាត់បាត់ក ហើយភ្លាមនោះអ្នករួមការងារបានប្រញាប់ដឹកបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះដែរ តែពេលដឹកទៅដល់ គ្រូពេទ្យពិនិត្យរួច ក៏បញ្ជាក់ប្រាប់ថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទើបដឹកសាកសពត្រឡប់ទៅផ្ទះវិញប្រគល់ឱ្យក្រុមគ្រួសារ រួចរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យ។

បន្ទាប់ពីចុះពិនិត្យ និងធ្វើកោសល្យវិច័យសពរួចរាល់ សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារចរន្តអគ្គិសនីឆក់ប្រាកដមែន រួចក៏ប្រគល់សាកសពទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES