Wednesday, July 16, 2025
Homeព័ត៌មានជាតិផ្អើលទាំងទាំងចិនទាំងខ្មែរ អ្នកខ្លះជញ្ជូនសម្ភារៈ អ្នកខ្លះយកទឹកបាញ់ពន្លត់

ផ្អើលទាំងទាំងចិនទាំងខ្មែរ អ្នកខ្លះជញ្ជូនសម្ភារៈ អ្នកខ្លះយកទឹកបាញ់ពន្លត់

ភ្នំពេញ ៖ រោងស្នាក់របស់កម្មករជនជាតិចិនមួយខ្នង ដែលស្ថិតនៅខាងបរិវេណក្នុងការដ្ឋានសាងសង់អគារខុនដូ STAR CITY ត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ នៅត្រង់ចំណុចខាងលិចគល់ ស្ពានអាកាសផ្សារដើមហុយ ស្ថិតក្នុងក្រុមទី១ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

តាមប្រភពពីកម្មករសំណង់ដែលធ្វើការថែមម៉ោង នៅក្នុងការដ្ឋានកើតហេតុខាងលើ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គេបានលឺសម្លេងផ្ទុះ ចេញមកពីក្នុងបន្ទប់មួយ ដែលនៅក្នុងរោងស្នាក់នៅរបស់ក្រុមកម្មករជនជាតិចិន ខណៈដែលគ្មានកម្មករស្នាក់នៅខាងក្នុង នោះទេ។

ស្រាប់តែបន្តិចក្រោយមក ក៏ស្រាប់តែមានផ្សែងហុយខ្មួលខ្មាញ់លាយឡំនឹងអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ចេញមកពីបន្ទប់នោះ បង្កឱ្យមានការភ្ញាក់ផ្អើលដល់កម្មករដែលកំពុងធ្វើការ និងកំពុងសម្រាកនៅក្នុងការដ្ឋាន នាំគ្នាចូលទៅជញ្ជូនសម្ភារមួយចំនួនដែលនៅក្នុងបន្ទប់ជាប់ នោះយកចេញមកខាងក្រៅ។ ភ្លាមនោះក៏មានកម្មករផ្សេងទៀត បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យទៅបាញ់ពន្លត់ អស់ជាច្រើនបំពង់ ប៉ុន្តែដោយ មិនអាចគ្រប់គ្រងស្ថានការណ៍បាន ក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យឱ្យចុះមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់តែម្តង ដោយប្រើប្រាស់ទឹកអស់ចំនួន១៥រថយន្ត។

តាមការបញ្ជាក់របស់សមត្ថកិច្ច ករណីអគ្គិភ័យខាងលើនេះ គឺបណ្តាលឱ្យឆាបឆេះរោងស្នាក់នៅរបស់កម្មករជនជាតិចិន១ខ្នង ទំហំ១០ម៉ែត្រ គុណនឹង២០ម៉ែត្រ ប្រក់សង្ក័សីដែលមានទ្រាប់អេប៉ុងពីខាងក្នុង (មួយជាន់ មាន១០បន្ទប់) រួមទាំងឆេះសម្ភារមួយចំនួនទៀតផង។ តាមការសន្និដ្ឋានជាជំហានដំបូង មូលហេតុដែលនាំឱ្យកើតមានគ្រោះអគ្គិភ័យខាងលើនេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី តែយ៉ាងណា អគ្គិភ័យនេះ មិនបង្កឱ្យមនុស្សណាម្នាក់ទទួលរងគ្រោះថ្នាក់នោះឡើយ៕

RELATED ARTICLES