ភ្នំពេញ ៖ មានករណីភ្ញាក់ផ្អើលមួយ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ដោយមានក្រុមគ្រួសារមួយ បានចាក់សោទ្វារផ្ទះវីឡាភ្លោះចោល រួចក៏នាំគ្នាចេញទៅញ៉ាំអាហារនៅក្រៅផ្ទះ លុះពេលត្រឡប់មកផ្ទះវិញ ក៏ប្រទះឃើញភ្លើងកំពុងឆាបឆេះផ្ទះយ៉ាងសន្ធោសន្ធៅ ហេតុការណ៍នេះកើតឡើងនៅត្រង់ចំណុចផ្ទះវីឡាភ្លោះលេខ១១ ផ្លូវលេខ១៩ ក្នុងបុរីពិភពថ្មី ក្បែរផ្សារទំនើបអ៊ីអនទី២ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
តាមប្រភពពីអ្នកស្នាក់នៅក្បែរខាងកន្លែងកើតហេតុ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គេបានឮសូរសំឡេងផ្ទុះចេញពីផ្ទះ កើតហេតុខាងលើ ប៉ុន្តែមិនមានអ្នកណាម្នាក់ចាប់អារម្មណ៍ឡើយ នឹកស្មានថាម្ចាស់ផ្ទះ ធ្វើជ្រុះ ឬធ្លាប់របស់អ្វី ស្រាប់តែមួយសន្ទុះក្រោយមក ក៏ចាប់ផ្តើមមានក្លិនឈ្ងៀម ទើបចេញមកក្រៅមើល ក៏ប្រទះឃើញមានផ្សែងហុយចេញមកពីក្នុងផ្ទះកើតហេតុជាន់ផ្ទាល់ដី ខណៈដែលម្ចាស់ផ្ទះមិននៅ ហើយផ្ទះបានចាក់សោចោលពីខាងក្រៅ។
បន្ទប់មកក៏មានអណ្តាតភ្លើងបានឆាបឆេះ ឡើងយ៉ាងសន្ធោសន្ធៅតែម្តង ធ្វើឱ្យកើតមានការ ភ្ញាក់ផ្អើលឡើង ដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរខាង និងសន្តិសុខដែលយាមនៅក្នុងបុរីខាងលើ នាំគ្នាទាញទុយយោទឹកបាញ់ និងយកបំពង់ ពន្លត់អគ្គិភ័យទៅជួយបាញ់ពន្លត់ភ្លើងដែរ ប៉ុន្តែដោយទ្វារផ្ទះខាងលើ បានជាប់សោ ទើបមិនចូលទៅបាញ់ដល់ខាងក្នុងបាន លុះឃើញភ្លើងឆេះកាន់ តែខ្លាំង ក៏សម្រេចចិត្តទម្លាយទ្វារផ្ទះខាងលើ រួចក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ឱ្យទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍ ភ្លាមៗតែម្តង ដោយបានប្រើប្រាស់ទឹកអស់ចំនួន១៦រថយន្ត ទើបធ្វើឱ្យអគ្គិភ័យខាងលើ បានរលត់ទៅវិញជាស្ថាពរ នៅវេលាម៉ោង១១ និង៥០នាទីយប់ថ្ងៃដដែល។
សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា តាមការសន្និដ្ឋានជាជំហានដំបូងថា ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ ផ្តើមចេញពីមូលហេតុឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង) តែយ៉ាងណា មិនបង្កឱ្យមានការឆេះរាលដាល់ដល់លំនៅដ្ឋានអ្នកជិតខាង ឬបង្កឱ្យមនុស្សណាម្នាក់ទទួលរងគ្រោះថ្នាក់នោះទេ។
តាមការបញ្ជាក់ពីបុរសជាអ្នកជួលផ្ទះខាងលើស្នាក់នៅ បានឱ្យដឹងថា អគ្គិភ័យនេះបានឆេះផ្ទះវីឡាភ្លោះ៣ជាន់ ស្ទើរទាំងស្រុង និងបានឆេះសម្ភារជាច្រើនទៀតដែលនៅក្នុងផ្ទះ តែសំណាងល្អទូរដែករបស់គាត់១គ្រឿង ដែលមានរបស់របរមានតម្លៃ រួមជាមួយប្រាក់សុទ្ធរាប់ម៉ឺនដុល្លារ នៅក្នុងនោះ មិនត្រូវបានភ្លើងឆាបឆេះនោះទេ៕