Wednesday, July 16, 2025
Homeព័ត៌មានជាតិពុទ្ធោ!!! ដល់ទៅ៧នាក់ សមត្ថកិច្ចខេត្តស្ទឹងត្រែង កំពុងដុសក្អែលឲ្យ

ពុទ្ធោ!!! ដល់ទៅ៧នាក់ សមត្ថកិច្ចខេត្តស្ទឹងត្រែង កំពុងដុសក្អែលឲ្យ

ខេត្តស្ទឹងត្រែង ៖ ក្រុមអ្នកសារព័ត៌មានចំនួន៧នាក់ មកពីស្ថាប័នផ្សេងៗគ្នា ដែលតែងតែបង្កព្យុះភ្លៀងកណ្តាលរាត្រី ចតរថយន្តតាមផ្លូវ ចាំស្ទាក់ប្រដេញតាមរថយន្តផ្សេងៗដែលសង្ស័យថាជារថយន្តដឹកបទល្មើស ដែលតែងបង្កការរំខាន និងប៉ះពាល់ដល់អ្នកដំណើរ ត្រូវបានកម្លាំង នគរបាលខេត្តស្ទឹងត្រែង ចុះឃាត់ខ្លួន នាំយកទៅសាកសួរ និងអប់រំ កាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩។ ការឃាត់ ក្រុមអ្នកសារព័ត៌មានខាងលើនេះ ធ្វើឡើងក្រោមបញ្ជាផ្ទាល់ពីលោកម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង។

លោកវរសេនីយ៍ឯក វ៉ា សុផាន់ នាយការិយាល័យផែនប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ប្រាប់ថា កម្លាំងរបស់លោក ពិតជាបានចុះធ្វើការឃាត់ និងអប់រំណែនាំដល់ក្រុមអ្នកយកព័ត៌មានចំនួន៧ ដែលបានចតឡានតាមដងផ្លូវជាតិលេខ៧៨ និងផ្លូវ ជាតិលេខ ៧ ចំណុចអូរពងមាន់ស្ថិតក្នុងភូមិរាជានុកូលសង្កាត់ ក្រុងស្ទឹងត្រែង ប្រាកដមែន។

លោកវរសេនីយ៍ឯក វ៉ា សុផាន់ បានបន្ថែមថា ដោយឃើញភាពអនាធិបតេយ្យនៅតាមដងផ្លូវសាធារណៈក្នុងខេត្ត ដែលបង្កឡើងដោយ រថយន្តអ្នកសារព័ត៌មានមួយចំនួន មកពីក្រៅខេត្ត ដែលមិនបានគោរពទៅតាមវិជ្ជាជីវៈ នាំគ្នាចតឡាននៅតាមដងផ្លូវពេលយប់ ជាច្រើនគ្រឿង រង់ចាំដេញរថយន្តអ្នកដំណើរ ដែលសង្ស័យថាដឹកបទល្មើស ដែលធ្វើឱ្យប៉ះពាល់ដល់អ្នកធ្វើដំណើរឆ្លងកាត់ ទើបលោកអភិបាលខេត្តបានដាក់ បញ្ជា ឱ្យកម្លាំងជំនាញចុះប្រតិបត្តិការឃាត់សួរនាំ និងធ្វើការអប់រំតែម្តង។

លោកវ៉ា សុផាន់ បានបញ្ជាក់ថា អ្នកកាសែតត្រូវគោរពវិជ្ជាជីវៈរបស់ខ្លួន ហើយអ្នកដែលចូលមកយកព័ត៌មានក្នុងខេត្ត ត្រូវតែយកប័ណ្ណ ព័ត៌មានចុះបញ្ជីនៅក្នុងមន្ទីរព័ត៌មាន ឱ្យបានដឹងថា ចុះមកយកព័ត៌មាននៅក្នុងខេត្ត។ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ចុះយកព័ត៌មានក្នុងខេត្ត ក្នុងការអភិវឌ្ឍនិងការរីកចម្រើនរបស់រាជរដ្ឋាភិបាល និងយកព័ត៌មានកែតម្រូវស្ថាបនានៅចំណុចខ្វះខាតណាមួយដែលត្រូវធ្វើការផ្សព្វផ្សាយ ដើម្បីឱ្យរីកចម្រើន មិនមែនចុះមកយកព័ត៌មាន ចតឡាននៅតាមដងផ្លូវចាំតែដេញរថយន្តនោះទេ។

លោកវ៉ា សុផាន់ បានបញ្ជាក់ទៀតថា លោកមិនហាមឃាត់ក្នុងការយកព័ត៌មាននោះទេ តែព័ត៌មានដែលត្រូវយកនោះ គឺអ្វីដែល មានហេតុការណ៍កើតឡើង ត្រូវតែចុះទៅយកព័ត៌មាន មិនមែនគ្មានហេតុការណ៍ហើយនាំគ្នាចតឡានតាមដងផ្លូវសាធារណៈ រង់ចាំយកព័ត៌មានទេ ព្រោះបើធ្វើបែបនេះ ធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។

លោកវ៉ា សុផាន់ បានអះអាងថា ក្រុមអ្នកសារព័ត៌មានទាំង៧នាក់ខាងលើ ដែលតែងចតរថយន្តនៅតាមដងផ្លូវធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់ នៅចំណុចអូរពងមាន់ ត្រូវបានទទួលការអប់រំ និងណែនាំជាលើកទី១ រួចអនុញ្ញាតឱ្យវិលត្រឡប់ទៅវិញអស់ហើយ ប៉ុន្តែលោកបានទទួលបញ្ជាពីលោកច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្ទឹងត្រែង រួចហើយថា ប្រសិនបើអ្នកសារព័ត៌មានខាងលើ នៅតែមិនគោរពវិជ្ជាជីវៈ និងប្រព្រឹត្តទង្វើបែបនេះជាលើកទី២ទៀត នោះសមត្ថកិច្ចនឹងចាត់វិធានការច្បាប់ដោយមិនមានការយោគយល់អ្វីឡើយ៕

RELATED ARTICLES