Wednesday, July 16, 2025
Homeព័ត៌មានជាតិម៉ែកូនអាយុថ្លៃ សំណាងបានក្រុមគ្រូពេទ្យសង្គ្រោះទាន់ពេលវេលា និងយកចិត្តទុកដាក់

ម៉ែកូនអាយុថ្លៃ សំណាងបានក្រុមគ្រូពេទ្យសង្គ្រោះទាន់ពេលវេលា និងយកចិត្តទុកដាក់

ខេត្តកំពង់ចាម៖ ហេតុការណ៍ស្ត្រីសម្រាលកូនរួច បែរជាអត់ធ្លាក់ទងសុកនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលីវេលាម៉ោង១២ និង ២០នាទីថ្ងៃត្រង់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ នៅចំណុចមណ្ឌលសុខភាពព្រៃគ្រី ស្ថិតក្នុងឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

ស្ត្រីរងគ្រោះខាងលើ មានឈ្មោះសុខ គឹមម៉េង អាយុ២៥ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ នៅរាជធានីភ្នំពេញ មានប្តីឈ្មោះដួង រីម អាយុ២៩ឆ្នាំ និងមានលំនៅក្នុងភូមិព្រៃគ្រី ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

តាមសម្តីបុរសជាប្តី បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ប្រពន្ធរបស់ គាត់ដែលទើបនឹងមានផ្ទៃពោះលើកដំបូង បានចាប់ផ្តើមឈឺពោះតិចៗ ទើបគាត់ប្រញាប់ដឹកតាមម៉ូតូមកកាន់មណ្ឌលសុខភាពព្រៃគ្រី ដើម្បីឱ្យ គ្រូពេទ្យជួយសម្រាល លុះមកដល់វេលាម៉ោង១២និង២០នាទីថៃដដែល ទើបប្រពន្ធរបស់គា់ត បានសម្រាលកូនប្រុសម្នាក់ ទងន់៣,១០គីឡូ ក្រាម តែអ្វីដែលជារឿងគួរឱ្យព្រួយបារម្ភបំផុតនោះ គឺក្រោយពេលសម្រាលរួច ទងសុកមិនធ្លាក់សោះ ជាហេតុធ្វើឱ្យសុខភាពប្រពន្ធគាត់ចាប់ផ្តើម ចុះខ្សោយគួរឱ្យព្រួយបារម្ភ។

បុរសជាប្តីរូបនេះបន្តថា បន្ទាប់មកគាត់ក៏ប្រញាប់ពិគ្រោះយោបល់ជាមួយក្រុមគ្រូពេទ្យ និងសម្រេចថា ត្រូវដឹកបញ្ជូនប្រពន្ធទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកបាធាយ ខេត្តកំពង់ចាមវិញ រួចក៏រៀបចំដឹកបញ្ជូនប្រពន្ធគាត់តាមរថយន្តរបស់មណ្ឌលសុខភាព លុះដឹកបានដល់ពាក់កណ្តាលផ្លូវ ក៏មានរថយន្តសាមុយ១គ្រឿងទៀត បានមកដឹកសាងប្រពន្ធរបស់គាត់ទៅកាន់មន្ទីរពេទ្យបង្អែកស្រុកបាធាយ ខេត្តកំពង់ចាម បានតែក្នុងរយៈពេលខ្លី ឃើញថាសភាពនៅតែមិនល្អ ក៏ប្រញាប់ដឹកបន្តមកសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ដោយក្រុមគ្រូពេទ្យបាននាំគ្នាជួយយ៉ាងស្រុះដៃជើងបំផុត។ រហូតមកដល់ព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ក្រោមការជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យជំនាញ ទើបសុខភាព ប្រពន្ធរបស់គាត់បានធូរស្រាលវិញ។

លោកវេជ្ជបណ្ឌិត ណែម ប៊ុនធឿន ប្រធានផ្នែកសម្ភពរោគស្ត្រី នៅមន្ទីរពេទ្យខេត្តកំពង់ចាម បានបញ្ជាក់ប្រាប់ថា ដំបូងឡើយមានវិទ្យុក្នុងស្រុក បានផ្សាយពីករណីកម្មការិនីខាងលើ ហើយដំណឹងនេះបានដឹងដល់លោកគួច ចំរើន អភិបាលខេត្តកំពង់ចាម ទើបលោកបានយកចិត្តទុកដាក់ទាក់ទងបញ្ជាផ្ទាល់ ឱ្យរថយន្តសាមុយចុះទៅដឹកស្ត្រីរងគ្រោះ មកសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ចាម។

លុះពេលដែលរថយន្តដឹកមកដល់ត្រង់រង្វង់មូលត្រើង ទងសុកបានធ្លាក់ លុះមកដល់ពេទ្យខេត្ត គ្រូពេទ្យបានសង្គ្រោះនៅល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ និងបានបញ្ចូលឈាមអស់១ប្លោក។ រហូតមកដល់ព្រឹកថ្ងៃទី២៤ មករា សុខភាពស្ត្រីទើបនឹងសម្រាលកូនដំបូងរូបនោះបានល្អប្រសើរវិញហើយ។ ចំណែកខាង បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ក៏បានចុះមកធ្វើប័ណ្ណជូន និងផ្តល់ថវិកាចំនួន៤០ម៉ឺនរៀលទៀតផង ដោយរាល់ពេលដែលកម្មការិនី ម្នាក់ប្រសូត្របានបុត្រម្នាក់ នឹងត្រូវជូនថវិកាចំនួន៤០ម៉ឺនរៀល៕

RELATED ARTICLES