គាថា “ស្ត្រីហិតោបទេស” ភាគទី៣ ស្តីពី “សង្គ្រាម” ទំព័រ២៦ កថាខណ្ឌទី៣៦ បានសរសេរថា “ការសម្ងាត់នេះបើដឹងដល់ត្រចៀក៦ ហើយតែងបែកធ្លាយ ហើយខ្ចរខ្ចាយចេញទៅដោយការនិយាយតៗគ្នា ហេតុនេះព្រះរាជា គួររក្សាការសម្ងាត់បាន ចំពោះតែរូបព្រះអង្គ និងមនុស្សជាគម្រប់ពីរប៉ុណ្ណោះ” ជាមរតកសាសន៍ បង្ហាញផ្លូវមេដឹកនាំប្រទេស មេដឹកនាំបក្ស មេទ័ព ឱ្យចេះរក្សាការសម្ងាត់។ បន្ទាប់ពីតុលាការកោះអញ្ជើញលោកគង់ គាំ អតីតទីប្រឹក្សាជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ ទៅឆ្លើយបំភ្លឺករណីលោកកឹម សុខា ពាក់ព័ន្ធពីបទក្បត់ជាតិ ហើយលោកគង់ គាំ ឆ្លើយថា “ខ្ញុំមិនដឹងអីទេ!” បានសេចក្តីថា “ការសម្ងាត់ ដឹងតែគ្នា២នាក់ ឬត្រចៀក៤” ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
ពាក្យថា “ការសម្ងាត់” សំដៅដល់យុទ្ធសាស្ត្រនយោបាយ ដែលមេដឹកនាំដាក់ចេញមក មានលក្ខណៈអាថ៌កំបាំង មើលមិនធ្លុះ ប៉ុន្តែការសម្ងាត់នោះ គេឱ្យដឹងឮតែត្រចៀក៤ ឬគ្នា២នាក់ប៉ុណ្ណោះ ហើយបើសិនជាបែកធ្លាយលេចឮដល់ត្រចៀក៦ ឬមនុស្ស៣នាក់ លែងហៅថាជាការសម្ងាត់ទៀតហើយ។ សូម្បីតែប្តីប្រពន្ធរៀបការពេញច្បាប់ ការសម្ងាត់រឿងលើគ្រែ យប់ព្រលប់ ដឹងតែគ្នាពីរនាក់ប្តីប្រពន្ធហ្នឹង តាំងពីរបៀបថ្នាក់ថ្នមបបោសអង្អែលរៀងរាល់ថ្ងៃយប់ ស្គាល់ទុក្ខធុរៈគ្នាអស់ទៅហើយ។ លុះចៃដន្យអ្វីប្តីមិននៅ ស្រាប់តែមានប្រុសកំហូចល្មោភកាម លួចបើកមុងចូលទៅរាវនាងជាប្រពន្ធនោះ ទោះជាងងឹតមើល អ្នករាវមិនឃើញ ក៏នាងនោះអាចចំណាំបានពីរបៀបរាវមិនដូចប្តីនាង ក៏ស្រែកឆោឡោផ្អើលអ្នកជិតខាង ព័ទ្ធចាប់បុរសកំហូចនោះប្រគល់ឱ្យប៉ូលិស។
ព្រះសម្មាសម្ពុទ្ធ បរមគ្រូ បានបង្ហាញពីចំណុចខ្សោយនៃការសម្ងាត់នេះដែរ ដូចពេលមួយ ព្រះអង្គកំពុងទេសនាប្រោសពុទ្ធបរិស័ទក្នុងវត្តជេតពន ស្រាប់តែស្ត្រីស្អាតម្នាក់ឈ្មោះ “នាងចិញ្ចាមាណវិការ” ត្រូវពួកប្រឆាំងសាសនា ជួលឱ្យទៅបង្កាច់បង្ខូចព្រះ។ នាងនោះ បានយកឈើមកចងព័ទ្ធពោះខ្លួន ធ្វើដូចមានផ្ទៃពោះ បានចូលទៅចង្អុលមុខព្រះ ចោទប្រកាន់ថា បានទៅបំផើមនាងហើយមិនទទួលខុសត្រូវ បែរជារត់មកបួសយកសុខតែម្នាក់ឯង។ ព្រះពុទ្ធអង្គ ក៏ឆ្លើយយ៉ាងខ្លីថា “ការសម្ងាត់ ដឹងតែយើងពីរនាក់ទេ” ធ្វើឱ្យពុទ្ធបរិស័ទងឿងឆ្ងល់ ប៉ុន្តែទីបំផុត ក៏បានព្រះឥន្ទ្រាធិរាជ ធ្វើអន្តរាគមន៍ បណ្តាលឱ្យកូនឈើធ្លាក់ចេញពីពោះនាងចិញ្ចា ហើយគ្រាន់តែនាងនោះ រត់ចេញទៅដល់ខ្លោងទ្វារវត្ត ក៏ត្រូវព្រះធរណីស្រូបទៅ។
ករណីព្រះពុទ្ធអង្គ ត្រាស់ថា “ការសម្ងាត់ ដឹងតែយើងពីរនាក់” ព្រោះថារឿងលោកិយតណ្ហានេះ មានតែពីរនាក់ទេ ដែលដឹង អ៊ីចឹងទោះជាខំពន្យល់ប្រាប់គេថា “មិនពាក់ព័ន្ធ” ក៏នៅតែគេសង្ស័យ។ ករណីប្តីប្រពន្ធរួមរស់ជាមួយគ្នា លុះមានប្រុសល្មោភកាមឡើងរាវ ក៏ប្រពន្ធនោះដឹងថា មិនមែនជាប្តីរបស់ខ្លួន ព្រោះលូករាវខុសរបៀប បានត្រឹមជាប់គុក ជាប់ចោទពីបទ ប៉ុនប៉ងរំលោភប្រពន្ធគេ។
យ៉ាងណាមិញ ករណីលោកគង់ គាំ បានថ្លែងប្រាប់អ្នកកាសែត ក្រោយពីតុលាការហៅសួរ ៣ម៉ោងថា “ការពិតខ្ញុំជាទីប្រឹក្សា… ខ្ញុំចូលមកបំភ្លឺនេះ មិនសូវដឹងរឿងអីច្រើនទេ មានតែសម រង្ស៊ី ទេ ដែលដឹងរឿងគ្រប់យ៉ាង”។ ចម្លើយលោកគង់ គាំ គឺស្របទៅតាមការទាមទាររបស់លោកសម រង្ស៊ី ដែលបានលើកឡើងថា “គាត់ដឹងរឿងសម្ងាត់ រវាងខ្លួនគាត់ និងលោកកឹម សុខា សូមឱ្យតុលាការកោះហៅគាត់ធ្វើសាក្សីទៅ បើហៅលោកគង់ គាំ ក៏មិនដឹងអីដែរ…”។ ករណីចោទប្រកាន់លោកកឹម សុខា ពីបទក្បត់ជាតិ ឬ “សន្ទិដ្ឋភាពជាមួយបរទេស” នោះ តុលាការកំពុងរកសាក្សីបំភ្លឺ ក្នុងនោះបានកោះហៅបុគ្គលិកអង្គការ ក្រៅរដ្ឋាភិបាលមួយចំនួន ទៅបំភ្លឺជាបន្តបន្ទាប់ ប៉ុន្តែ “ការសម្ងាត់ ដឹងតែគ្នាពីរនាក់ ឬត្រចៀក៤” មានន័យថា រឿងក្បត់ជាតិ សមគំនិតជាមួយបរទេសនោះ បានដឹងតែលោកសម រង្ស៊ី និងលោកកឹម សុខា រីឯសហការីឯទៀត “ទោះជាដឹងក៏មិនច្បាស់”។ ឧបមាដូចប្តីប្រចណ្ឌប្រពន្ធ ចេះតែចោទថា នាងមានសហាយ អត់ភ័ស្តុតាង ព្រោះធម្មតាស្រីមានសហាយ ឆ្លាតណាស់ មិនងាយឱ្យប្តីចាប់ភ័ស្តុតាងបានឡើយ ឯរឿងសម្ងាត់ ឬកំហុសរបស់នាង បានដឹងតែរូបនាង និងសហាយនោះ។
ដូច្នេះមុននឹងច្របាច់បញ្ចូលគ្នា រវាង “គណបក្សសម រង្ស៊ី” និង “គណបក្សសិទ្ធិមនុស្ស” តើអ្នកណាដឹងថា លោកសម រង្ស៊ី និងលោកកឹម សុខា បានដាក់លក្ខខណ្ឌ ឬការសម្ងាត់អ្វីខ្លះ? ព្រោះមុននឹងឈានដល់កោះប្រជុំបង្កើត “គណបក្សសង្គ្រោះជាតិ” ច្បាស់ជាអ្នកនយោបាយប្រឆាំងទាំងពីរនាក់ហ្នឹង មានរឿងសម្ងាត់ ដឹងឮតែត្រចៀក៤។ ព្រោះតែហេតុនេះហើយ បានជាលោក គង់ គាំ ប្រកែកញ៉ាញថា “ខ្ញុំមិនដឹងអីទេ!” ដែលចម្លើយនេះ ឆាប់ចប់ ព្រោះបើគាត់ឆ្លើយ “ដឹងយ៉ាងនេះយ៉ាងនោះ” បាន ត្រឹមតុលាការកោះហៅជាបន្តបន្ទាប់ ជួនកាល “សាច់មិនបានស៊ី យកឆ្អឹងព្យួរក”។ ពុំមែនមានន័យថា លោកគង់ គាំ មិនដឹងស្អីសោះនោះទេ ពោលគឺដឹងដែរ តែមិនចំប្លង់ ព្រោះរឿងសម្ងាត់ជាមួយបរទេស មានតែប្រធាន និងអនុប្រធាន CNRP ដែលដឹង។ អ៊ីចឹងដើម្បីឱ្យច្បាស់ពីកំហុសលោកកឹម សុខា ពាក់ព័ន្ធដល់ “សន្ទិដ្ឋភាពជាមួយបរទេស” នោះ លុះត្រាតែហៅ លោកសម រង្ស៊ី មកឆ្លើយទើបបាន ប៉ុន្តែបើតុលាការកោះហៅលោកសម រង្ស៊ី ធ្វើសាក្សី នឹងចូល “អន្ទាក់យុទ្ធសាស្ត្រ” របស់មេប្រឆាំងនេះ មិនខាន ខណៈដែលគាត់កំពុង “រកស្នៀតចូលស្រុក”។ បានន័យថា បើតុលាការកោះហៅគាត់មកធ្វើសាក្សី បើសមត្ថកិច្ចចាំស្ទាក់វ៉ៃខ្នោះ ច្បាស់ជាខុសនីតិវិធីរបស់តុលាការ ហើយបើតុលាការមិនកោះហៅសាក្សីហ្នឹងមកសួរ បែរជាហៅលោកគង់ គាំ លោកវន់ ពៅ អ្នកស្រីចក់ សុភាព… ទៅសួរ មិនខុសពីសេដ្ឋីហៅធនញ្ជ័យ មកសួររក “ដើមភ្លើង” នាំឱ្យភ្លើងឆេះផ្ទះសេដ្ឋី ដែលកាលនោះ ធនញ្ជ័យ រត់ទៅលើក “ចង្ក្រាន” មកបង្ហាញថា “អាហ្នឹងហើយជាដើមភ្លើង នាំឱ្យឆេះផ្ទះ”។
ដូច្នេះយើងឃើញថា ការដែលលោកគង់ គាំ ឆ្លើយថា គាត់មិនបានដឹងនោះ ជារឿងត្រឹមត្រូវ ស្របទៅតាមក្បួនតម្រាបុរាណ “ស្រីហិតោបទេស” និពន្ធដោយអ្នកប្រាជ្ញជាតិឥណ្ឌា ឈ្មោះ “នារាយណបណ្ឌិត” និងប្រែសម្រួលដោយអ្នកប្រាជ្ញសង្ឃ ខ្មែរ “ព្រះតេជគុណ វីរិយបណ្ឌិតោ ប៉ាង ខាត់”។ ធម្មតាការសម្ងាត់ ដឹងឮតែត្រចៀក៤ទេ បើខ្ចរខ្ចាយដល់ត្រចៀក៦ នឹងលែង ហៅថាជាការសម្ងាត់។ នៅក្នុងរឿង “ក្អែក១ ជាក្អែក១០” តំណាលពីបុរសម្នាក់ រកឃើញមាសប្រាក់ ១រទេះ ក្នុងត្រពាំងទឹក ក៏គិតថា ប្រពន្ធរក្សាការសម្ងាត់មិនជាប់ កំណប់នេះមុខជារលាយ ទើបគាត់ប្រើល្បិចប្រាប់ប្រពន្ធថា “បងបន្ទោបង់លាមក ស្រាប់តែមានក្អែក១ ហើរចេញពីគូទ… អូនឯងកុំប្រាប់អ្នកណាឱ្យសោះ ខ្មាសគេ!” នាងប្រពន្ធនោះ មិនចេះរក្សាការសម្ងាត់ ក៏ប្រាប់ម្តាយខ្លួនថា ប្តីនាង “ជុះចេញក្អែក២ ពីគូទ” ម្តាយនោះ ក៏ប្រាប់ទៅប្អូនស្រីគាត់ ទៅជាក្អែក៣ ឯប្អូនស្រីក៏ប្រាប់ទៅ ប្តីនាងថា ក្អែក៤ ទីបំផុត “ក្អែក១ ទៅជៅក្អែក១០”…។ ដូច្នេះរឿង “ក្បត់ជាតិរបស់លោកកឹម សុខា” មានតែលោកសម រង្ស៊ី ម្នាក់ទេ ដែលដឹងច្បាស់ ដូចលោកគង់ គាំ ប្រាប់អ្នកកាសែត បើតុលាការហៅគាត់ទៅសួរ មិនបានការអីទេ។ សូម្បីលោក សម រង្ស៊ី ក៏បានប្រកាសរួចហើយថា “រឿងលោកកឹម សុខា មានតែគាត់ម្នាក់ទេដែលដឹង” អ៊ីចឹងទោះជាតុលាការកោះហៅ ទាំងភរិយាលោកកឹម សុខា ទៅសួរ ក៏មិនបានផលដែរ ព្រោះភរិយាគាត់មិនប្រឡូកក្នុងឆាកនយោបាយ ឬថាចាំតែយកបាយទៅឱ្យប្តីជាប់ពន្ធនាគារ។
សរុបទៅ “ការសម្ងាត់ ដឹងឮតែត្រចៀក៤” ដែលមានចារទុកក្នុង “គម្ពីស្រីហិតោបទេស” មានខ្លឹមសារយ៉ាងនេះឯង។ ឧបមាថា មានសាក្សីឯណាទៀត ក្រៅពីលោកគង់ គាំ ចូលទៅឆ្លើយបំភ្លឺថា “កឹម សុខា ពិតជាក្បត់ជាតិមែន” ដោយសំអាងលើខ្សែអាត់សំឡេង ក៏មហាជនពិបាកជឿ ព្រោះការសម្ងាត់ពាក់ព័ន្ធជាមួយបរទេស ដឹងតែមេប្រឆាំងធំ ២នាក់ហ្នឹង បែរជាសហការីល្អិចល្អោចដឹងដែរនោះ មិនស្របតាមក្បួនតម្រាបុរាណនោះទេ ដែលជាបរិបទសម្រាប់មេធាវី ដើមចោទ និងចុងចោទ ពិចារណា…៕