Sunday, September 21, 2025
Homeព័ត៌មានជាតិបុកចំឡានទំនើប គ្រាន់តែកង់១គ្រាប់ តម្លៃ៣០០០ដុល្លារ ចុះល្មមតែកាងទៀត ចុងក្រោយ...

បុកចំឡានទំនើប គ្រាន់តែកង់១គ្រាប់ តម្លៃ៣០០០ដុល្លារ ចុះល្មមតែកាងទៀត ចុងក្រោយ…

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនដូចហោះ ដោយខ្វះការប្រុងប្រយ័ត្ន មកដល់ចំណុចផ្លូវបំបែកជា៤ មិនបង្អង់ល្បឿន ក៏ជ្រុល ទៅបុកគូទរថយន្តទំនើប១គ្រឿង បណ្តាលឱ្យដាច់កង់ក្រោយម្ខាង និងធ្លាក់កាងរងការខូចខាតយ៉ាងដំណំ ចំណែកម្ចាស់ម៉ូតូរងរបួសស្រាល តែអ្វី ដែលជារឿងប្រឈម នៅត្រង់ថា ភាគីរថយន្តទំនើបទាមទារសំណងចំនួន៣ពាន់ដុល្លារ តែចុងក្រោយខាងម្ចាស់ម៉ូតូមានលទ្ធភាពសងត្រឹម៧០០ ដុល្លារ ដើម្បីបញ្ចប់រឿង ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ស្ថិតតាមបណ្តោយផ្លូវ R6 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងរវាង ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៩ ពាក់ស្លាកលេខក្រចេះ 1A-6624 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ជាមួយនឹងរថយន្តទំនើប១គ្រឿង ម៉ាក BMW ពណ៌ស ទើបនឹងទិញថ្មី មិនទាន់ធ្វើស្លាក លេខនៅឡើយ បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណដូចគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីម សេ១២៥ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ R6 ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ដែលជាចំណុចផ្លូវបំបែកជា៤ ដោយសារតែម៉ូតូមានល្បឿនលឿនខ្លាំងពេក ខ្វះការប្រុងប្រយ័ត្ន ទើបធ្វើឱ្យជ្រុលទៅបុករថយន្តសេរីទំនើប ម៉ាក BMW ខាងលើ ចំចំហៀងកង់ខាងក្រោយខាងឆ្វេង បណ្តាលឱ្យដាច់កង់ម្ខាង និងធ្លាក់កាងរងការខូចខាតយ៉ាងដំណំតែម្តង។ ចំណែកម៉ូតូទទួលរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ រីឯអ្នកបើកម៉ូតូរងរបួសស្រាល។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងជួយសម្របសម្រួលឱ្យភាគីទាំងសងខាងចរចាគ្នាបញ្ចប់រឿង ដោយក្នុងនោះ ភាគីម្ចាស់រថយន្តទំនើប បានទាមទារសំណងចំនួន៣០០០ដុល្លារ ដោយគិតតែកង់១គ្រាប់ប៉ុណ្ណោះ មិនគិតដល់កាងដែលដាច់ធ្លាក់ឡើយ ព្រោះកង់នេះ មិនមែនងាយរកទិញនោះទេ គឺត្រូវការកុម៉្មង់ពីក្រៅប្រទេសឯណោះ ហើយអ្វីដែលសំខាន់ គឺរថយន្តរបស់គាត់ទើបនឹងទិញថ្មីៗ មិនទាន់បានធ្វើស្លាកលេខផង ស្រាប់តែត្រូវមកជួបរឿងបែបនេះទៅវិញ។ យ៉ាងណា ភាគីខាងម្ចាស់ម៉ូតូ បានទទូចអង្វរកដល់ខាងម្ចាស់រថយន្ត ដោយសុំសងសំណងត្រឹមតែ៧០០ដុល្លារ ព្រោះគាត់មានលទ្ធភាពត្រឹមតែប៉ុណ្ណេះ មិនមានសមត្ថភាពសងរហូតដល់៣ពាន់ដុល្លារនោះទេ។

ទីបំផុត ដោយការយោគយល់ និងមិនចង់មានរឿងវែងឆ្ងាយ ទើបភាគីម្ចាស់រថយន្តសុខចិត្តទទួលយកសំណង់ត្រឹម៧០០ដុល្លារ ដើម្បី បញ្ចប់រឿងតែម្តង៕

RELATED ARTICLES