Sunday, September 21, 2025
Homeព័ត៌មានជាតិឃើញបុរសម្នាក់ជិះម៉ូតូដឹកបាវ១ សង្ស័យចូលឃាត់ ស្រាប់តែបាញ់ស្រោចមកក្រុមមន្ត្រីឧទ្យានុរក្សម្នាក់ ធ្លាយគូទ

ឃើញបុរសម្នាក់ជិះម៉ូតូដឹកបាវ១ សង្ស័យចូលឃាត់ ស្រាប់តែបាញ់ស្រោចមកក្រុមមន្ត្រីឧទ្យានុរក្សម្នាក់ ធ្លាយគូទ

ខេត្តមណ្ឌលគិរី ៖ ហេតុការណ៍ផ្ទុះអាវុធរវាងក្រុមមន្ត្រីឧទ្យានុរក្ស និងក្រុមជួញដូរសត្វព្រៃខុសច្បាប់ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ខណៈពេលដែលក្រុមមន្ត្រីឧទ្យានុរក្ស ចំនួន៦នាក់ កំពុងចុះល្បាតក្នុងព្រៃ ក៏ប្រទះឃើញបុរសម្នាក់ជិះម៉ូតូដឹកបាវ១ គួរឱ្យសង្ស័យ (ដឹកសត្វព្រៃខុសច្បាប់) ក៏ចេញទៅស្ទាក់ឃាត់ចាប់ ស្រាប់តែមិនទាន់បានឃាត់ផង ក៏ត្រូវបក្ខពួកជនសង្ស័យ បាញ់ស្រោចមកលើកម្លាំងមន្ត្រីឧទ្យានុរក្ស រហូតឈានដល់ការផ្ទុះអាវុធដាក់គ្នាទៅវិញទៅមក បណ្តាលឱ្យមន្ត្រីឧទ្យានុរក្សមួយរូប រងគ្រាប់កាំភ្លើងចំភ្លៅធ្លាយទៅគូទ រងរបួសយ៉ាងធ្ងន់ ចំណែកក្រុមុជនសង្ស័យជាខ្មាន់កាំភ្លើងបាននាំគ្នារត់គេចខ្លួនចូលព្រៃបាត់អស នៅត្រង់ចំណុចអូររ៉ូវេ ក្នុងតំបន់ត្រពាំងកកោះ ស្ថិតក្នុងភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក។

ជនរងគ្រោះដែលទទួលរងគ្រាប់កាំភ្លើងរបស់ក្រុមជួញដូរសត្វព្រៃខុសច្បាប់ មានឈ្មោះចេង ចាន់ធី ជាមន្ត្រីឧទ្យានុរក្ស ប្រចាំដែនជម្រក សត្វព្រៃស្រែពក។

លោកកែវ សុភក៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានបញ្ជាក់ឱ្យដឹងថា ករណីនេះបានកើតឡើង នៅគ្រាដែលក្រុមមន្ត្រីឧទ្យានុរក្ស សហការជាមួយកម្លាំងនគរបាល យោធា និងមន្ត្រីការពារសត្វព្រៃ សរុបមានគ្នា៦នាក់ បានចេញល្បាតតាំងពីល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ក្នុងដែនជម្រកសត្វព្រៃស្រែពក លុះដល់ចំណុចអូររ៉ូវេ ក៏ប្រទះឃើញជំរុំមួយកន្លែង ប៉ុន្តែមិនឃើញមនុស្សស្នាក់នៅទេ ដោយមានការសង្ស័យ ក្រុមមន្ត្រីជំនាញបានពង្រាយគ្នាចាំឃ្លាំមើលត្រង់ទីតាំងនោះ រហូតដល់វេលាទៀបភ្លឺថ្ងៃទី២៩ ស្រាប់តែឃើញម៉ូតូ១គ្រឿងជិះសំដៅមកជំរុំមួយនេះ និងដឹកបាវ១ ដែលសង្ស័យមានលាក់ទុកសត្វព្រៃក្នុងនោះ ឃើញដូច្នោះក្រុមមន្ត្រីបានចេញមកឃាត់ម៉ូតូខាងលើ ប៉ុន្តែមិនទាន់បានឃាត់ផង ក៏មាន ស្នូរកាំភ្លើងបាញ់ស្រោចពីលើមាត់ច្រាំងអូររ៉ូវេ សន្ធាប់មកក្រុមមន្ត្រីឧទ្យានុរក្សតែម្តង ទើបធ្វើឱ្យកើតមានការបាញ់តបតគ្នាមួយប៉្រាវ និងបណ្តាល ឱ្យមន្ត្រីឧទ្យានុរក្សម្នាក់ រងរបួសចំភ្លៅធ្លាយមកគូទ។

លោកប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បន្តថា ក្រោយបាញ់តទល់គ្នាមួយប៉្រាវរួចមក ក្រុមខ្មាំន់កាំភ្លើង និងកម្លាំងចម្រុះបានដកថយ រៀងខ្លួន និងបានជម្លៀសមន្ត្រីដែលរងរបួសមកទីតាំងផ្សេង ប៉ុន្តែរំលងបន្តិច នៅវេលាម៉ោងប្រហែល៥ទៀបភ្លឺ ខ្មាន់កាំភ្លើងទាំងនោះ បានលប មកជំរុំរបស់មន្ត្រីជំនាញស្នាក់នៅម្តងទៀត និងបានបាញ់រះមកលើម៉ូតូ១គ្រឿង បណ្តាលឱ្យរងការខូចខាត ប៉ុន្តែមិនធ្វើឱ្យក្រុមមន្ត្រីឧទ្យានុរក្ស រងរបួសថែមទៀតនោះទេ នៅក្នុងហេតុការណ៍បាញ់លើកទី២នេះ។

លោកកែវ សុភក៌ បញ្ជាក់ថា ជនរងគ្រោះឈ្មោះ ចេង ចាន់ធី មកទល់ពេលនេះ ត្រូវសង្គ្រោះជីវិតរួចហើយ និងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យកាលម៉ែត ឯរាជធានីភ្នំពេញ។

ជុំវិញករណីខាងលើនេះ លោកឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានបញ្ជាក់ប្រាប់ថា ករណីនេះ លោកបាននិងកំពុងបញ្ជា កម្លាំងជាច្រើននាក់ទៅតំបន់ខាងលើ ដើម្បីស្រាវជ្រាវតាមចាប់ជនល្មើសទាំងនោះឱ្យខាងតែបាន៕

RELATED ARTICLES