ភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ ដែលធ្វើសកម្មភាពលួចចូលផ្ទះគាស់ទំលុះទំលាយយកសម្ភារមានតម្លៃ ព្រមទាំងប្រាក់ដុល្លារមួយចំនួនធំ និងរថយន្តទំនើបម៉ាក ឡិចស៊ីស៥៧០មួយគ្រឿង កាលពីយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ២៨ ផ្លូវ D01 ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ឃាត់ខ្លួនបាន កាលពីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ និងរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ជាលើកទី៣។
គួររំលឹកថា កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ មានករណីចោរកម្មលួចចូលផ្ទះ គាស់ទំលុះទំលាយយកសម្ភារមានតម្លៃ ព្រមទាំងប្រាក់ដុល្លារមួយចំនួនធំ និងរថយន្តទំនើបម៉ាក ឡិចស៊ីស៥៧០ មួយគ្រឿង នៅចំណុចផ្ទះលេខ២៨ ផ្លូវ D01 ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ក្រោយពេលទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ សមត្ថកិច្ចអាវុធហត្ថខណ្ឌសែនសុខ រួមជាមួយការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ អាវុធហត្ថខណ្ឌចំការមន និងអាវុធហត្ថខណ្ឌមានជ័យ បានសហការគ្នាបើកការស្រាវជ្រាវជាបន្តបន្ទាប់ រហូតកំណត់មុខសញ្ញាបាន និងឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ រួមមាន ទី១-ឈ្មោះអាត រដ្ឋា និងទី២-ឈ្មោះពូន សុខគន្ធ ព្រមទាំងដកហូតរថយន្ត ១គ្រឿង ម៉ាក Rav4 ក៏ប៉ុន្តែជនសង្ស័យមិនព្រមសារភាព និងសហការផ្តល់ព័ត៌មានដល់សមត្ថកិច្ចឡើយ។

ដោយវិធានការណ៍ជំនាញ នៅវេលាម៉ោង២និង៣៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ អាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវរហូតឈានដល់ធ្វើការកំណត់គោលដៅ និងរកឃើញរថយន្ត១គ្រឿងទៀត ម៉ាកឡិចស៊ីស ៥៧០ ដែលជនសង្ស័យយកទៅលាក់ទុកក្នុងផ្ទះគ្មានលេខ ផ្លូវ 48BT ភូមិក្បាលទំនប់១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ត្រលប់មកវិញប្រគល់ជូនជនរងគ្រោះ។

វិធានការជំនាញបន្ត អាវុធហត្ថរាជធានីភ្នំពេញបានស្រាវជ្រាវឃើញថា ឈ្មោះ អាត រដ្ឋា គឺជាជនដៃដល់ដែលបានចូលលួចទ្រព្យសម្បត្តិ និងរថយន្តផ្ទាល់ ជាមួយដៃគូម្នាក់ផ្សេងទៀត ឈ្មោះសុខ វណ្ណា។ ហើយឈ្មោះអាត រដ្ឋា នេះ ធ្លាប់ជាប់គុក២ដងរួចមកហើយ ពាក់ព័ន្ធករណីលួចរថយន្តទំនើបៗ យ៉ាងសកម្មនៅតាមបុរី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនលើកទី១ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៣ ហើយត្រូវបានតុលាការបង្គាប់ ឱ្យឃុំខ្លួននៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣ និងឃាត់ខ្លួនលើកទី២ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ ហើយត្រូវបានតុលាការបង្គាប់ឱ្យឃុំខ្លួន នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧។

លុះមកដល់ដើមឆ្នាំ២០១៩នេះ ឈ្មោះអាត រដ្ឋា ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅពន្ធនាគារជាលើកទី៣ រីឯដៃគូ ឈ្មោះសុខ វណ្ណា ដែលបានចូលរួមលួចជាមួយគ្នា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ គឺទើបចេញពីគុកជាមួយគ្នា កាលពី៤ខែមុន បច្ចុប្បន្នបានគេចខ្លួនរួច។ រាល់ពេលសមត្ថកិច្ចឃាត់ខ្លួនម្តងៗ ឈ្មោះអាត រដ្ឋា បានប្រើឈ្មោះផ្សេងៗគ្នា រួមមាន ឈ្មោះអាត រដ្ឋា ឬគង់ មាន ឬរុំ រដ្ឋា ហៅមាន ឬប៉ូយ។

ឈ្មោះអាត រដ្ឋា បានសារភាពបន្ថែមថា ក្នុងអំឡុងពេលជាប់ពន្ធនាគារ រូបគេជាមួយឈ្មោះសុខ វណ្ណា តែងតែពិភាក្សាគ្នាអំពីវិធីសាស្ត្រ ក្នុងការលួចវិធីសាស្ត្រគេចពីសមត្ថកិច្ច វិធីសាស្ត្រឆ្លើយដោះបន្ទុក ពេលសមត្ថកិច្ចចាប់បាន និងវិធីសាស្ត្រឆ្លើយសម្រាលទោសនៅចំពោះមុខតុលាការ។ លុះពេលរូបគេ និងឈ្មោះសុខ វណ្ណា ចេញពីពន្ធនាគារ ក៏ចាប់ដៃគ្នាអនុវត្តន៍ផែនការលួច និងវិធីសាស្ត្រទាំងឡាយដែលបានពិភាក្សាគ្នាក្នុងពន្ធនាគារ រហូតចុងក្រោយ ក៏ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជាលើកទី៣ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ កាលពីព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ដោយចោទពីបទលួចមានស្ថានទម្ងន់ទោសមិនរាងចាល៕



