ខេត្តបាត់ដំបង ៖ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ អាជីវករលក់មាស ដូរលុយម្នាក់ ខណៈដែលកំពុងដូរលុយឱ្យអតិថិជន មិនចាប់អារម្មណ៍ ស្រាប់តែមានស្ត្រីរហ័សដៃម្នាក់ មកបន្លំយកមាស១កញ្ចប់ មានទម្ងន់១០តម្លឹង ហើយរត់គេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាព ហើយជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលិស ហេតុការណ៍នេះបានកើតឡើង នៅក្នុងផ្សារមួយកន្លែង ស្ថិតក្នុងភូមិមុខវត្ត ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

ជនរងគ្រោះមានឈ្មោះហ៊ីង សុផល ភេទ ប្រុស អាយុ៥៩ឆ្នាំ មុខរបរលក់មាស និងចាប់ហួយ រស់នៅកន្លែងកើតហេតុ។

សមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីមានពាក្យបណ្តឹងរបស់ជនរងគ្រោះ សមត្ថកិច្ចបានចុះទៅ ពិនិត្យមើលទៅលើកាមេរ៉ាសុវត្ថិភាព គឺគេសង្កេតឃើញស្ត្រីវ័យចំណាស់រូបនេះ បានចូលទៅដូរលុយ ខណៈដែលជនរងគ្រោះកំពុងអង្គុយ ស្ត្រីដែលជាជនសង្ស័យបានលួចយកកញ្ចប់មាស ដាក់ចូលទៅក្នុងមួករួចដើរចេញ យ៉ាងលឿន និងគេចខ្លួនបាត់។

តែយ៉ាងណាពេលនេះ សមត្ថកិច្ចបានស្គាល់ភិនភាគស្ត្រីសង្ស័យច្បាស់ហើយ និងកំពុងតែធ្វើការស្រាវជ្រាវតាមចាប់ ខ្លួនស្ត្រីសង្ស័យនាំមកផ្តន្ទាទោសតាមច្បាប់ មិនយូរមិនឆាប់ទេ នឹងចាប់ក្របួចស្ត្រីសង្ស័យបានជាមិនខាន៕