ខេត្តព្រៃវែង ៖ ក្មេងស្រីតូចម្នាក់ មានឈ្មោះទិត នាត អាយុ៤ឆ្នាំ មានឪពុកឈ្មោះឈឿន ទិត អាយុ៣៨ឆ្នាំ ម្តាយឈ្មោះអឿន សុគន់ អាយុ៣៧ឆ្នាំ ឆ្លៀតពេលឪពុកម្តាយរវល់ការងារភ្លេចខ្លួន ក៏បានដើរទៅងូតទឹកស្រះខាងក្រោយផ្ទះ តែម្នាក់ឯង បណ្តាលឱ្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១ និង១៥នាទី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិក្តឿងរាយ ឃុំក្តឿងរាយ ស្រុកកញ្ជ្រៀច។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ឪពុកម្តាយរបស់ក្មេងស្រីរងគ្រោះ ជាប់រវល់ធ្វើការងាររៀងខ្លួន ក៏បណ្តោយឱ្យក្មេងស្រីរងគ្រោះដើរលេងក្បែរៗផ្ទះតែម្នាក់ឯង លុះក្រោយមក ក្មេងស្រីរងគ្រោះ ក៏បានដើរទៅងូតទឹកស្រះខាងក្រោយផ្ទះ ដោយ មិនមានអ្នកណាម្នាក់បានដឹងនោះទេ ទើបបណ្តាលឱ្យក្មេងស្រីរងគ្រោះលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម។
ប្រភពដដែលបន្តថា ក្រោយពីបាត់ចៅស្រីយូរពេក ទើបបុរសជាជីតាបានតាមទៅរកចៅដែរ តែរកមិនឃើញ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោ នាំគ្នាដើរតាមរក លុះសង្ស័យថា ចៅស្រីលង់ទឹកស្រះ ក៏បានចុះទៅរាវរកក្នុងទឹក ទីបំផុត ក៏ប្រទះឃើញចៅស្រីលង់ទឹកស្លាប់បាត់ទៅហើយ និងបានស្រង់សាកសពឡើងមកលើគោក និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យ។
ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ក្មេងស្រីរងគ្រោះ ពិតជាស្លាប់ដោយលង់ទឹកប្រាកដមែន។

សាកសពក្មេងស្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕