ខេត្តកែប ៖ កាលពីវេលាម៉ោង៧ និង២០នាទីយប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ ២០១៩ បុរសជាមន្ត្រីនគរបាលមួយរូប មិនដឹងជាមានវិបត្តិផ្លូវចិត្តរឿងអ្វី ដោះស្រាយមិនចេញ បែរជាមានគំនិតខ្លី ទាញកាំភ្លើងអាកា មកអាមេ រួចភ្ជង់ត្រង់បំពង់កខ្លួនឯង បន្ទាប់មកក៏កេះកៃបាញ់ផ្តាច់ជីវិតខ្លួនឯង បណ្តាលឱ្យធ្លុះបំពង់កពីខាងមុខទៅខាងក្រោយ ស្លាប់ក្នុងថ្លុកឈាមយ៉ាងរន្ធត់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង នៅចំណុចព្រះរាជតំណាក់ស្តេច ស្ថិតក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប។

ជនរងគ្រោះមានឈ្មោះឌៀប មៀន អាយុ៤៩ឆ្នាំ ជាមន្ត្រីនគរបាលព្រហ្មទណ្ឌលកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកែប ឈរជើងប្រចាំការនៅចំណុចកើតហេតុខាងលើ មានប្រពន្ឋឈ្មោះជ័យ មាន អាយុ៣៧ឆ្នាំ មុខរបរមេផ្ទះ និងមានលំនៅ ភូមិកែអង្វែ ឃុំភ្នំកុង ស្រុកអង្គរជ័យ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារបាញ់សម្លាប់ខ្លួនប្រាកដមែន ដោយប្រើកាំភ្លើងអាកាដាក់ភ្ជង់បំពង់កខ្លួនឯង រួចកេះកៃបាញ់ បណ្តាលឱ្យធ្លុះបំពង់ កពីមុខទៅក្រោយ ស្លាប់កន្លែងកន្លែងកើតហេតុតែម្តង។ មូលហេតុបណ្តាលមកពីជនរងគ្រោះតូចចិត្តមានជម្ងឺប្រចាំកាយ ទើបគិតខ្លីធ្វើអត្តឃាត ដោយយកកាំភ្លើងបាញ់សម្លាប់ខ្លួនបែបនេះ។

សាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារដឹកទៅកាន់លំនៅដ្ឋាន ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

