ខេត្តកណ្តាល ៖ អគ្គិភ័យមួយបានកើតឡើងទាំងកណ្តាលថ្ងៃត្រង់ បង្កឱ្យរងការខូចខាតផ្ទះប្រជាពលរដ្ឋ១ខ្នងទាំងស្រុង ព្រមទាំងទ្រព្យ សម្បត្តិជាច្រើនទៀត បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២ និង៤៥នាទីថ្ងៃត្រង់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ នៅចំណុច ភូមិព្រែកសំរោង ឃុំរកាខ្ពស់ ស្រុកស្អាង។

លំនៅដ្ឋានដែលទទួលរងការឆាបឆេះគ្មានសល់ខាងលើ មានទំហំ៥ម៉ែត្រ គុណនឹង ៧ម៉ែត្រកន្លះ ជាប្រភេទផ្ទះឈើលើថ្មក្រោម ជាកម្មសិទ្ធិរបស់ឈ្មោះហូរ មាន ភេទប្រុស អាយុ៣០ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានផ្សែងហុយខ្មួលខ្មាញ់ចេញពីផ្ទះខាងលើ រួចក៏កើតជា អណ្តាតភ្លើង យ៉ាងសន្ធោសន្ធៅតែម្តង ជាហេតុធ្វើឱ្យប្រជាពលរដ្ឋបាននាំគ្នាផ្អើលឆោឡោ ជួយពន្លត់ភ្លើងដែរ តែមិនឈ្នះ ដោយសារតែភ្លើងបានឆេះពេញបន្ទុកទៅហើយ ទើបប្រញាប់រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចភ្លាមៗ។

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ថាមានករណីអគ្គិភ័យកើតឡើង សមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីទាំងកើតហេតុភ្លាមៗ និងបានទាក់ទងសុំអន្តរាគមន៍បន្តពីរថយន្តពន្លត់អគ្គិភ័យ ចេញមកជួយអន្តរាគមន៍ចំនួន៤គ្រឿង តែដោយសារភ្លើងឆេះពេញក្រមុំទៅហើយ ទើបមិនអាចស្រោចស្រង់បាន ទីបំផុត ផ្ទ្ទះ១ខ្នង ត្រូវភ្លើងឆេះអស់សល់ត្រឹមតែផេះផង់ប៉ុណ្ណោះ។

តាមការអះអាងពីម្ចាស់ផ្ទះ បានឱ្យដឹងថា អគ្គិភ័យខាងលើ បានឆេះបំផ្លាញផ្ទះរបស់គាត់១ខ្នងទាំងស្រុង និងខ្សែដៃមាស ១តម្លឹងកន្លះ លុយដុល្លារ៣០០ដុល្លារ ប្រាក់រៀលចំនួន៨០ម៉ឺន រួមនឹងរបស់របរប្រើប្រាស់ជាច្រើនទៀត។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា គ្រោះអគ្គិភ័យខាងលើនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវរកមូលហេតុនៅឡើយ។ យ៉ាងណា មិនមានមនុស្សណាម្នាក់ទទួលរងរគ្រោះថ្នាក់ក្នុងហេតុការណ៍ខាងលើនេះទេ៕