ខេត្តព្រៃវែង ៖ បុរសវ័យចំណាសម្នាក់ ក្រោយពីហូបបាយល្ងាចរួច ក៏បានចូលមុងដេកឱបប្រពន្ធពេញ១យប់ លុះព្រឹកស្អែកឡើង ស្រាប់តែស្ត្រីជាប្រពន្ធប្រទះឃើញប្តីដេកស្លាប់រឹងស្តូកបាត់ទៅហើយ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥ និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ នៅត្រង់ចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិបន្លេច ឃុំពាមានជ័យ ស្រុកពាមរក៍។

បុរសរងគ្រោះ មានឈ្មោះសឹប គឹមលី អាយុ៥៦ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីរបស់ស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅវេលាម៉ោង៥ និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ គាត់ក៏បានភ្ញាក់ពីដំណេកមុនប្តី រួចក៏ចុះទៅដាំទឹក រហូតដល់មួយសន្ទុះក្រោយមក ក៏បានប្រើឱ្យចៅស្រី ឡើងទៅដាស់ជីតាឱ្យក្រោកឡើងពីដំណេក តែចៅហៅមិនឮឆ្លើយ ក៏បានរត់មកប្រាប់គាត់វិញថា តាអត់ឆ្លើយទេ ជាហេតុធ្វើឱ្យគាត់មានការសង្ស័យ ក៏ប្រញាប់ឡើងទៅដាស់ប្តីវិញម្តង ស្រាប់តែពេលយកដៃទៅអង្រួន ទើបដឹងថា ប្តីស្លិបា់រឹងស្តូកបាត់ទៅហើយ មិនដឹងថា ស្លាប់តាំងពីថ្មើរណានោះទេ។

ក្រោយកើតហេតុ ក្រុមគ្រួសារបានមករាយការណ៍ជូនសមត្ថកិច្ច។ ពេលទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យសាកសព រួចបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារ ខ្យល់គ ពោលគឺមិនពាក់ព័ន្ធទៅនឹងករណីអ្វីផ្សេងនោះទេ៕