Thursday, July 17, 2025
Homeព័ត៌មានជាតិទាហានសឹករងស្រុកសំបូរ ផ្ទុះជម្លោះជាមួយមិត្តភក្តិ ទាញកាំភ្លើងបាញ់ធ្លាយឆ្អឹងជំនីរ

ទាហានសឹករងស្រុកសំបូរ ផ្ទុះជម្លោះជាមួយមិត្តភក្តិ ទាញកាំភ្លើងបាញ់ធ្លាយឆ្អឹងជំនីរ

ខេត្តក្រចេះ ៖ បុរសជាមន្ត្រីយោធាម្នាក់ ក្រោយពីផឹកស៊ីស្រវឹងធ្លាក់ភ្នែក ក្លែមសម្តីដាក់មិត្តភក្តិរួមវង់ចុះឡើងៗ ក៏កើតជាជម្លោះតឹងសរសៃកដាក់គ្នា រហូតដល់ផ្ទុះកំហឹងទប់មិនជាប់ ក៏ដកកាំភ្លើងខ្លីពីចង្កេះ បាញ់ប្រហារមិត្តភក្តិ១គ្រាប់ចំឆ្អឹងជំនីរ បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ និង ត្រូវបានមិត្តភក្តិជួយដឹកបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះភ្លាមៗ ចំណែកជនដៃដល់ជាខ្មាន់កាំភ្លើងបានរត់គេចខ្លួនបាត់ស្រមោល បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤ និង១៥នាទីរសៀល ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ។

ជនដៃដល់ជាខ្មាន់កាំភ្លើង ដែលផឹកស៊ីស្រវឹងបាញ់មិត្តភក្តិបណ្តាលឱ្យរងរបួសធ្ងន់ មានឈ្មោះសៀង សុណាត ជាមន្ត្រីយោធាសឹករងស្រុក សំបូរ ខេត្តក្រចេះ ក្រោយកើតហេតុបានរត់គេចខ្លួនបាត់ស្រមោល។ ចំណែកបុរសរងគ្រោះ មានឈ្មោះសាន សាមន ជាមន្ត្រីយោធាសឹករង ខេត្តក្រចេះ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

ក្រោយបាញ់ប្រហារជនរងគ្រោះឱ្យរងរបួសធ្ងន់រួចមក ជនដៃដល់ជាខ្មាន់កាំភ្លើង បានរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកជនរងគ្រោះដេកដួលក្នុងថ្លុកឈាម និងត្រូវបានមិត្តភក្តិប្រញាប់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្ត ដើម្បីសង្គ្រោះជីវិត លុះស្ថានភាពធ្ងន់ធ្ងរពេក ក៏ត្រូវបានក្រុមគ្រួសារជនរងគ្រោះ សម្រេចដឹកបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ឯរាជធានីភ្នំពេញ។

ជុំវិញករណីបាញ់ប្រហារមិត្តភក្តិខាងលើនេះ សមត្ថកិច្ចជំនាញ កំពុងដុតដៃដុតជើងតាមប្រមាញ់ចាប់ខ្លួនជនដៃដល់ ដើម្បីនាំយកមក ផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES