Thursday, July 17, 2025
Homeព័ត៌មានជាតិមកដល់ផ្ទះសឹងគាំងបេះដូង រាបដីអស់ ក្លាយជាផេះទៅហើយ

មកដល់ផ្ទះសឹងគាំងបេះដូង រាបដីអស់ ក្លាយជាផេះទៅហើយ

ខេត្តព្រៃវែង ៖ ផ្ទះមួយខ្នងត្រូវបានអគ្គិភ័យលេបត្របាក់ទាំងស្រុង ខណៈដែលម្ចាស់ផ្ទះរវល់ចេញទៅផ្សារទិញម្ហូប លុះត្រឡប់មកវិញ ភ្លើងបានឆេះផ្ទះយ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨ និង៤៥នាទីព្រឹក ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចភូមិរកា ឃុំរកា ស្រុកពារាំង។

ផ្ទះដែលទទួលរងការឆាបឆេះខាងលើ មានទំហំ៩ម៉ែត្រគុណនឹង៨ម៉ែត្រ ធ្វើពីឈើប្រក់ក្បឿង ជកម្មសិទ្ធិរបស់ឈ្មោះហៀប រ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានផ្សែងហុយខ្មួលខ្មាញ់ចេញពីផ្ទះខាងលើ រួចក៏កើតជា អណ្តាតភ្លើង យ៉ាងសន្ធោសន្ធៅតែម្តង ជាហេតុធ្វើឱ្យប្រជាពលរដ្ឋបាននាំគ្នាផ្អើលឆោឡោ ជួយពន្លត់ភ្លើងដែរ តែមិនឈ្នះ ដោយសារតែភ្លើងបានឆេះពេញបន្ទុកទៅហើយ ទើបប្រញាប់រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចភ្លាមៗ។

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ថាមានករណីអគ្គិភ័យកើតឡើង សមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងកើតហេតុភ្លាមៗ និងបានទាក់ ទងសុំអន្តរាគមន៍បន្តពីរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកពារាំង ចេញមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់អស់ទឹកចំនួន៤រថយន្ត តែដោយសារភ្លើងឆេះពេញបន្ទុកទៅហើយ ទើបមិនអាចស្រោចស្រង់បាន ទីបំផុត ផ្ទ្ទះ១ខ្នងត្រូវភ្លើងឆេះអស់សល់ត្រឹមតែផេះផង់ប៉ុណ្ណោះ។

តាមសម្តីម្ចាស់ផ្ទះរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់បានចាក់សោទ្វារផ្ទះចោល រួចចេញទៅផ្សារ ដើម្បីរកទិញម្ហូប លុះពេលត្រឡប់មកដល់ផ្ទះវិញ ក៏ឃើញភ្លើងឆេះផ្ទះអស់ទៅហើយ។

ជនរងគ្រោះជាម្ចាស់ផ្ទះ បានបញ្ជាក់ថា គ្រោះអគ្គិភ័យនេះ បានបង្កឱ្យផ្ទះរបស់គាត់១ខ្នងត្រូវភ្លើងឆេះខ្ទេចគ្មានសល់ និងខូចខាត រួមមាន ស្រូវ៣តោន គោយន្តកន្ត្រៃ១គ្រឿង ប្រាក់រៀល៣លានរៀល មាស៥ជី និងសម្ភារប្រើប្រាស់មួយចំនួន គិតជាប្រាក់សរុប២០៥០០ដុល្លារ។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា គ្រោះអគ្គិភ័យខាងលើនេះ ផ្តើមចេញពីមូលហេតុ ឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង) ខណៈដែល ម្ចាស់ផ្ទះបិទទ្វារចោល ចេញទៅផ្ទះទៅទិញម្ហូប ដោយមិនបានបិទបារ៉ែតភ្លើង។ យ៉ាងណា មិនមានមនុស្សណាម្នាក់ទទួលរងគ្រោះថ្នាក់ ឬបង្កឱ្យឆេះរាលដល់លំនៅដ្ឋានប្រជាពលរដ្ឋជិតខាងនោះទេ៕

RELATED ARTICLES