Friday, July 18, 2025
Homeព័ត៌មានជាតិខឹងទាក់ទងប្តី វ៉ៃស្រីក្មេងបោចសក់ ខ្វាចរយះមុខ

ខឹងទាក់ទងប្តី វ៉ៃស្រីក្មេងបោចសក់ ខ្វាចរយះមុខ

ខេត្តកំពង់ធំ ៖ ហេតុការណ៍អំពើហិង្សាដោយចេតនា ផ្តើមចេញពីភ្លើងប្រចណ្ឌមួយ ដោយនារីវ័យក្មេងម្នាក់ បានទាក់ទងស្នេហាជាមួយនឹងបុរសម្នាក់ ដែលមានប្រពន្ធកូនរួចទៅហើយ លុះប្រពន្ធដើមដឹងរឿង ព្រមានហាមឈប់ឱ្យទាក់ទងប្តីរបស់ខ្លួនទៀត នៅតែមិនព្រមស្តាប់ ក៏ផ្ទុះកំហឹងឈានដល់អំពើហិង្សា ចាប់វ៉ៃបោចសក់ ខ្វាចមុខ បណ្តាលឱ្យរយះ ពេញផ្ទៃមុខ រងរបួសយ៉ាងដំណំបានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨ និង ៣០នាទីព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ នៅចំណុចក្នុងផ្សារស្វាយកាល់ ភូមិស្វាយកាល់ ឃុំកកោះ ស្រុកសន្ទុក។

ស្ត្រីជាជនដៃដល់ មានឈ្មោះជួន ស្រីពៅ អាយុ៤៨ឆ្នាំ មុខរបរកម្មករផ្សាំកូនចន្ទី មានស្រុកកំណើតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បច្ចុប្បន្នមកស្នាក់នៅផ្សាំកូនចន្ទីនៅចំណុចភូមិឃុំកើតហេតុខាងលើ។ ចំណែកស្ត្រីរងគ្រោះ មានឈ្មោះលឹម ចាន់នី អាយុជាង៣០ឆ្នាំ មានលំនៅក្នុងភូមិសាលាសន្ទុក ឃុំកកោះ ស្រុកសន្ទុក រងរបួសឆ្កូតពេញផ្ទៃមុខ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញស្ត្រីរងគ្រោះ និងស្ត្រីសង្ស័យ បានឈ្លោះប្រកែកគ្នាតឹងសរសៃក ដោយមិនដឹងថា ជម្លោះនេះផ្តើមចេញពីរឿងអ្វីឱ្យពិតប្រាកដនោះទេ។ ស្រាប់តែបន្តិក្រោយមក ភាគីស្ត្រីបង្កបានចាប់បោចសក់ស្ត្រីរងគ្រោះបោកទៅនឹងដី បន្ទាប់មកក៏វាយដំនិងខ្វាចមុខ បណ្តាលឱ្យរយះពេញផ្ទៃមុខតែម្តង និងត្រូវបាន ប្រជាពលរដ្ឋប្រទះឃើញ ជួយឃាត់ និងចាប់បំបែកឱ្យចេញពីគ្នាទាន់ពេលវេលា។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មូលហេតុដែលផ្តើមឱ្យមានអំពើហិង្សាខាងលើ គឺដោយសារភ្លើងប្រចណ្ឌ ដោយស្ត្រីសង្ស័យប្រចណ្ឌថា ស្ត្រីរងគ្រោះធ្លាប់មានទំនាក់ទំនងស្នេហាជាមួយប្តីរបស់ខ្លួន ទើបផ្ទុះរឿងបែបនេះ។ យ៉ាងណាក្តី នៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ សមត្ថកិច្ចបានកោះហៅភាគីទាំង២ មកសួរនាំ ដើម្បីសម្របសម្រួលគ្នារួចរាល់ហើយ៕

RELATED ARTICLES