Friday, July 18, 2025
Homeព័ត៌មានជាតិលទ្ធផលរយះក្បាល ញ៉ែប៉ះចំនារីបរទេសរូបស្រស់

លទ្ធផលរយះក្បាល ញ៉ែប៉ះចំនារីបរទេសរូបស្រស់

ភ្នំពេញ ៖ បុរសម្នាក់ ក្រោយពីផឹកស្រាស្រវឹងធ្លាក់ភ្នែក ឃើញនារីបរទេសម្នាក់ស្លៀកពាក់សិចស៊ី បញ្ចោញសាច់ខ្ចីគួរឱ្យគ្រឺតខ្នាញ់ ក៏ចូល ទៅសាសងអូសក្រឡាប៉ងញ៉ែ ស្រាប់តែត្រូវបុរសបរទេសជាសង្សារនារីរូបនោះ ផ្ទុះកំហឹង ក៏ស្ទុះទៅច្រាន បណ្តាលឱ្យដួលបោកក្បាលនឹងផើងផ្កា រយះក្បាលហូរឈាមស្រោចខ្លួន បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣ និង០៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចផ្លូវបំបែកជាបួន ផ្លូវលេខ១៥៤ កែងផ្លូវលេខ៥១ ស្ថិតក្នុងសង្កាត់ ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។

បុរសរងគ្រោះមិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគ មានវ័យប្រមាណជាង២០ឆ្នាំ។ ចំណែកនារីជាជនបរទេសរូបនោះ ក៏មិនត្រូវបានស្គាល់ពីអត្តសញ្ញាណដូចគ្នា។

នារីជាជនបរទេស បានអះអាងថា នៅមុនពេលកើតហេតុ នាងរួមនឹងប្អូនប្រុស បានចូលក្លឹបរាត្រីរួចក៏បានជួបបុរស២នាក់ទៀត ដែលជាជនជាតិដូចគ្នា និងបានផឹកស៊ីជាមួយគ្នានៅក្នុងក្លឹប រហូតដល់វេលាម៉ោងកើតហេតុខាងលើ ក៏នាំគ្នាចេញមកវិញ និងបានឈរជជែកគ្នាលេងនៅត្រង់ចំណុចកើតហេតុ ស្រាប់តែបន្តិចក្រោយមក ក៏លេចមុខបុរសជនជាតិខ្មែរខាងលើ ដើរចូលមកនិយាយញ៉ែប៉ប្រែដាក់នាង ទើបនាងធុញពេក ក៏ដេញឱ្យចេញ តែបុរសរូបនោះមិនព្រមចេញ ទើបមិត្តប្រុសរបស់នាងម្នាក់ បានចូលមកសួរនាំ រួចក៏ទាស់សម្តីគ្នា និងត្រូវមិត្តភក្តិរបស់នាងច្រានបុរសខ្មែររូបនោះឱ្យចេញ តែគាប់ជួនបុរសខ្មែរនោះស្រវឹងស្រា ទប់ខ្លួនមិននឹង ទើបរអិលជើងដួលដោយខ្លួនឯង និងបោកក្បាល ចំផើងផ្ការយះក្បាលបែបនេះតែម្តង។

ក្រោយកើតហេតុ បុរសជាជនបរទេស២នាក់ ដែលបានច្រានបុរសរងគ្រោះ បាននាំគ្នាគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល ចំណែកបុរសរងគ្រោះបានស្រែកឆោឡោដាក់នារីបរទេសរូបនោះថា ចោរៗ  ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអ្នកដំណើរចោមរោមមើល និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍។

បន្ទាប់មក សមត្ថកិច្ចប៉ុស្តិ៍ផ្សារថ្មីទី៣ បានចុះមកកន្លែងកើតហេតុសួរនាំ និងបាននាំភាគីទាំងសងខាងទៅប៉ុស្តិ៍ ដើម្បីដោះស្រាយគ្នា៕

RELATED ARTICLES