ខេត្តស្ទឹងត្រែង ៖ បុរសម្នាក់បានកើតមានជម្លោះតឹងសរសៃកជាមួយប្រពន្ធកូន រួចក៏ទាញដំបងមកគំរាមរកវាយ តែត្រូវកូនប្រុសស្ទុះទៅឆក់ដំបងបាន រួចក៏វាយឪពុកបង្កើតវិញបណ្តាលឱ្យស្លាប់ បន្ទាប់មកក៏អៀវសពឪពុក យកទៅមាត់ទឹក រួចចងដុំថ្មសណ្តូនទម្លាក់ចូលទឹកបំណង បំបាត់ភ័ស្តុងតាង លុះក្រោយមក សាកសពក៏ហើមអណ្តែតឡើង និងត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ផ្អើលដល់សមត្ថកិច្ចចុះពិនិត្យ និងធ្វើការស្រាវជ្រាវ ទើបឈានដល់ការឃាត់ខ្លួនកូនប្រុសបង្កើតដែលជាឃាតករ រួមនឹងអ្នកជាប់ពាក់ព័ន្ធ២នាក់ទៀត គឺប្រពន្ធ និងប្អូនថ្លៃរបស់ជនរងគ្រោះ ទៀតផង។

បុរសរងគ្រោះដែលត្រូវកូនបង្កើតវាយសម្លាប់ រួចចងសណ្តូនដុំថ្មទម្លាក់ទឹក មានឈ្មោះថង រិទ្ធី អាយុ៣៦ឆ្នាំ។ ចំណែកជនសង្ស័យទាំង៣នាក់ ទី១-ឈ្មោះរិទ្ធី សុមន្នី ភេទប្រុស អាយុ១៩ឆ្នាំ ជាជនដៃដល់ និងត្រូវជាកូនបង្កើតរបស់ជនរងគ្រោះ ទី២-ឈ្មោះម៉េត អាប់ ភេទស្រី អាយុ៣៣ឆ្នាំ ត្រូវជាប្រពន្ធរបស់ជនរងគ្រោះ និងទី៣-ឈ្មោះម៉េត គី ភេទប្រុស អាយុ២២ឆ្នាំ ត្រូវជាប្អូន ថ្លៃរបស់ជនរងគ្រោះ។ ជនរងគ្រោះ រួមនឹងជនសង្ស័យទាំង៣នាក់ ជាក្រុមគ្រួសារតែមួយ និងមានលំនៅក្នុងភូមិភ្លុក ឃុំភ្លុក ស្រុកសេសាន។
បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ៣នាក់ សមត្ថកិច្ចបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកសេសាន និងបញ្ជូនបន្តមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរ។

សមត្ថកិច្ចបានប្រាប់ថា នៅថ្ងៃទី៧ ខែកុម្ភៈ បន្ទាប់ពីមានការសាកសួរ ជនដៃដល់ជាកូនមិនត្រូវបានសារភាពនោះទេ។ ដោយឡែក ជនសង្ស័យជាម្ដាយ បានសារភាពថា នៅថ្ងៃកើតហេតុ ប្តីរបស់គាត់ឈ្លោះជាមួយគាត់និងកូន ហើយបានយកដំបងបម្រុងវាយគាត់ហើយពេលនោះ កូនក៏បានស្ទុះទៅឆក់យកដំបងពីឪពុក វាយទៅលើឪពុក ចំនួន២ទៅ៣ដំបង បណ្ដាលឱ្យស្លាប់តែម្ដង។ ក្រោយមកក៏យកសពឪពុក អូសចូលទៅក្នុងទន្លេ រួចយកខ្សែចងសណ្តូនថ្មទម្លាក់ទឹក ដើម្បីបំបាត់ភស្តុតាង។

គួររំលឹកថា កាលពីវេលាម៉ោង៦និង២៤នាទីព្រឹក ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩ ប្រជាពលរដ្ឋបានប្រទះឃើញសពបុរសម្នាក់ មានចង ភ្ជាប់ជាមួយដុំថ្មបានអណ្តែតក្នុងទន្លេសេកុង នៅត្រង់ចំណុចខាងមុខសាលាឆទាន (ត្រើយម្ខាង) ស្ថិតក្នុងភូមិបានបុង ឃុំភ្លុក ស្រុកសេសាន ។
បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ខាងលើ កម្លាំងជំនាញបានចុះពិនិត្យដល់កន្លែងកើតហេតុ និងរកឃើញថា នេះគឺជាករណីឃាតកម្ម ព្រោះសពជនរងគ្រោះត្រូវគេវាយពីក្រោយបណ្តាលឱ្យបាក់ក ហើយត្រូវគេយកចងខ្សែពីក មកដើមដៃស្តាំ រួចព័ទ្ធមកចងគល់ភ្លៅ ជាមួយដុំថ្មចំនួន៤ដុំ ដែលមានទម្ងន់ប្រហែល៣០គីឡូក្រាម រីឯខ្សែចងដុំថ្មមាន៤ប្រភេទផ្សេងគ្នា។

បច្ចុប្បន្នជនសង្ស័យទាំងបីនាក់ រួមមាន កូនប្រុស ម្តាយ និងប្អូនថ្លៃ ដែលជាប់ពាក់ព័ន្ធក្នុងករណីនេះ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕