ខេត្តសៀមរាប ៖ ស្ត្រីម្នាក់ ព្រោះតែរស់នៅមិនចុះសម្រុងជាមួយប្តី ណាមួយត្រូវម្តាយក្មេកមិនពេញចិត្តផងនោះ ក៏សម្រេចចិត្តសុំប្តីលែង លះគ្នា តែប្តីមិនព្រម រហូតធ្វើឱ្យកើតជាជំលោះតឹងសរសៃក ឈានដល់អំពើហិង្សា ដោយស្ត្រីជាប្រពន្ធទាញកាំបិតប៉័ងតោ កាប់ប្រហារបុរសជាប្តី បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម គួរឱ្យរន្ធត់។ ចំណែកស្ត្រីជាប្រពន្ធ ក្រោយពីសម្លាប់ប្តីរួច មិនបានរត់គេចទៅណាឡើយ។

ករណីឃាតកម្មប្រពន្ធកាប់ប្តីស្លាប់ ព្រោះតែខឹងប្តីមិនព្រមលែងលះនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី។
បុរសរងគ្រោះជាប្តី ដែលត្រូវប្រពន្ធកាប់បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម មានឈ្មោះឆេង អាយុ២៤ឆ្នាំ ជាមន្ត្រីយោធា (ពលបាលទោ) បម្រើការនៅវរៈសេនាតូចកងពលធំអន្តរាគមន៍លេខ២ និងជាអ្នកបញ្ជូនសារ។ ចំណែកស្ត្រីដៃដល់ជាប្រពន្ធ មានឈ្មោះបេង សុខលាភ អាយុ ១៩ឆ្នាំ មុខរបរនៅផ្ទះ។ ប្តីប្រពន្ធអ្នកទាំងពីរ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

នៅចំពោះមុខសមត្ថកិច្ច ស្ត្រីដៃដល់ជាប្រពន្ធ បានឆ្លើយសារភាពថា នៅថ្ងៃកើតហេតុ ខណៈដែលនាងបំរុងនឹងចាកចេញពីផ្ទះ ស្រាប់តែបុរសជាប្តី បាននិយាយថា “បើឱ្យលែងទៅ បងសុំបន្សល់ទុកស្លាកស្នាមដោយសារស្នាដៃរបស់អូនសិន”។ បន្ទាប់មកប្តីប្រពន្ធនាង ក៏កើតមានជម្លោះតឹងសរសៃកដាក់គ្នា រហូតឈានដល់អំពើហិង្សាបែបនេះតែម្តង។

ស្ត្រីសង្ស័យជាប្រពន្ធ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកបន្ទាយស្រី រៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕
