ភ្នំពេញ ៖ ស្ត្រីម្នាក់កំពុងមានផ្ទៃពោះ៤ខែ ស្រាប់តែត្រូវប្តីកំណាច ផឹកស្រាស្រវឹងជោកជាំ រករឿងឈ្លោះប្រកែក រហូតឈានដល់ការប្រើ អំពើហិង្សាវាយដំជាច្រើនដៃ បណ្តាលឱ្យស្ត្រីរងគ្រោះជាប្រពន្ធធ្លាក់ឈាម និងសន្លប់ស្តូកស្តឹងនៅលើចិញ្ចើមផ្លូវ ចំណែកជនដៃដល់ជាប្តីកំណាច បានរត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍អំពើហិង្សា ប្តីកំណាចវ៉ៃប្រពន្ធពោះធំ រហូតដល់ធ្លាក់ឈាមនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩ និង១០នាទីយប់ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវ R6 កែងផ្លូវ R3 ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ស្ត្រីរងគ្រោះដែលត្រូវប្តីវាយរហូតដល់សន្លប់ទាំងកំពុងពពោះប៉ុនកញ្ជើរនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគ មានវ័យប្រមាណជាង៣០ឆ្នាំ។ ចំណែកជនបង្កហេតុជាប្តី មិនត្រូវបានស្គាល់អត្តសញ្ញាណដូចគ្នា ក្រោយកើតហេតុ បានរត់គេចខ្លួនបាត់ស្រមោល។

បន្ទាប់ពីកើតហេតុ ប្រជាពលរដ្ឋដែលប្រទះឃើញ បានរាយការណ៍ប្រាប់សមត្ថកិច្ច និងទំនាក់ទំនងហៅរថយន្តសង្គ្រោះដឹកស្ត្រីរងគ្រោះ យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត៕