ខេត្តសៀមរាប ៖ ប្តីប្រពន្ធខុសវ័យ១គូ (ប្តីចាស់ ប្រពន្ធក្មេង) ទើបនឹងរៀបមង្គលការថ្មោងថ្មី ផ្សំដំណេកនឹងគ្នាបានត្រឹមតែ៧ថ្ងៃ ស្រាប់តែភាគីខាងប្រពន្ធ បានរត់ចេញទៅនៅផ្ទះម្តាយរបស់ខ្លួនវិញបាត់ ដោយមិនប្រាប់មូលហេតុឱ្យប្តីបានដឹងសោះ ជាហេតុធ្វើឱ្យបុរសចំណាស់ជាប្តីកើតទុក្ខមិនសុខចិត្ត ក៏មកដាក់ពាក្យបណ្តឹងនៅសាលាសង្កាត់ ប្តឹងទារសំណងជំងឺចិត្ត និងថ្លៃបណ្ណាការចំនួន៦ពាន់ដុល្លារមកវិញ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចសាលាឃុំរលួស ស្រុកប្រាសាទបាគង។
បុរសចំណាស់ជាប្តី ដែលត្រូវប្រពន្ធរត់ចោល មានលោកសាត ឧស្សា ភេទប្រុស អាយុ៥៣ឆ្នាំ។ ចំណែកភាគីស្ត្រីជាប្រពន្ធ មានឈ្មោះច័ន្ទ សុធារី អាយុ១៧ឆ្នាំ មានលំនៅក្នុងឃុំរលួស ស្រុកប្រាសាទបាគង។

បុរសជាប្តីបានប្រាប់ថា លោកបានគ្នារៀបការជាមួយប្រពន្ធវ័យក្មេងឈ្មោះច័ន្ទ សុធារី កាលពីអំឡុងខែមីនា ឆ្នាំ២០១៨ គិតមកដល់ សព្វថ្ងៃមានរយៈពេលជិត១ឆ្នាំហើយ ប៉ុន្តែហាក់រស់នៅមិនចុះសម្រុងនឹងគ្នាសោះ ដោយគ្រាន់តែរៀបការបាន៧ថ្ងៃ បែរជាប្រពន្ធរត់ទៅនៅផ្ទះជាមួយម្តាយវិញ ដោយមិនប្រាប់មូលហេតុដល់លោកជាប្តីឱ្យបានដឹងសោះ ហេតុនេះលោកជាប្តីសម្រេច ដាក់ពាក្យបណ្តឹងទារថ្លៃបណ្តាការមកវិញ ចំនួន៦ពាន់ដុល្លារ។
ជុំវិញរឿងរ៉ាវខាងលើ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីមេឃុំរលួស ស្រុកប្រាសាទបាគង បាននៅឡើយទេ៕