ស្រីស្អាតបេប៊ី រៀបគម្រោងធំក្នុងការដណ្តើមភាពលេចធ្លោនៅផលិតកម្មថោន ដែលជំហានដំបូង នាងត្រូវការជំនួយពីសង្សារទេព បូព្រឹក្ស គឺលោកងួន ចាន់ដេវីត ដើម្បីធ្វើបទភ្លេងឱ្យនាងច្រៀង ពិសេស គឺបទបែបបែកស្លុយ…។

ជុំ រចនាពេជ្រ ហៅបេប៊ី ដែលជាសមាជិកថ្មីរបស់ផលិតកម្មថោន នោះ បានរៀបជើងព្រួលរួចជាស្រេច ក្នុងការធ្វើខ្លួនឱ្យក្លាយទៅជាតារាម្រៀងល្បីម្នាក់ នៅពេលដែលនាងបានសម្រេចបំណងធំ ក្នុងការក្លាយទៅជាតារាចម្រៀងអាជីពនៅពេលនេះ។

បេប៊ី បានឱ្យដឹងថា ជំហានដំបូងដែលនាងត្រូវវាយលុកទីផ្សារចម្រៀងនោះ គឺការធ្វើបទញាក់ឱ្យបានច្រើន ហើយទោះជាថោន បានទម្លាក់បទឱ្យនាងច្រៀងម្តងដល់ទៅ៤បទក្តី តែនាងត្រូវការជំនួយពីខាងក្រៅបន្ថែមទៀតនោះ គឺជំនួយពីតារាចម្រៀង ងួន ចាន់ដេវីត ដែលជាសង្សារទេព បូព្រឹក្ស ដើម្បីធ្វើបទចម្រៀងបែបបែកស្លុយឱ្យនាងច្រៀង ទោះជាចំណាយលុយអស់ប៉ុន្មានក៏ដោយ។

បេប៊ី វាចាថា “ខ្ញុំបានឱ្យបងដេវីត ធ្វើបទភ្លេងឱ្យខ្ញុំច្រៀង ជាពិសេស បទញាក់ឱ្យបានច្រើនបទ ទើបអាចត្រូវនឹងទីផ្សារចម្រៀងនៅពេលនេះ។ ខ្ញុំចំណាយលុយផ្ទាល់ខ្លួនអស់ប៉ុន្មានក៏ដោយ ឱ្យតែបានបទល្អច្រៀង។ ខ្ញុំដឹងថា បងដេវីត គាត់មានសមត្ថភាព ទាំងការធ្វើបទភ្លេង និងទំនុកច្រៀង អ៊ីចឹងបើបានគាត់ជួយ ខ្ញុំជឿជាក់ថា ពេលបទ ខ្ញុំចេញទៅ នឹងប្លែកពីគេជាមិនខាន។ ចំពោះផលិតកម្មថោន វិញ គាត់បានទម្លាក់ បទឱ្យខ្ញុំច្រៀង៤បទ គឺបទញាក់៣បទ និងបទស្លូវ១បទដែរ តែដើម្បីឱ្យបានបទច្រើន ហើយល្អថែមទៀត ទើបខ្ញុំត្រូវឱ្យបងដេវីត ជួយធ្វើបទឱ្យច្រៀងហ្នឹង”។

បេប៊ី តាំងចិត្តថា ទោះជានាងក្លាយទៅជាអ្នកចម្រៀងរបស់ថោន មែន ប៉ុន្តែអាជីពចាស់ ការសម្តែងកុន និងការធ្វើជាពិធីការិនីនៅ CTN នាងមិនបោះបង់ចោលឡើយ គឺនៅតែបន្តដូចមុន ព្រោះថោន មិនបានហាមឃាត់ឡើយ។

យ៉ាងណា មហាជនបានមើលឃើញថា បេប៊ី ដែលចង់ល្បីនៅ ថោន នោះ គឺប្រៀបបានកំពុងដើរជាន់បន្លាហើយ ព្រោះថោន មានតួឯករបស់ខ្លួន គឺមាស សុខសោភា ហេតុនេះហើយ តើបេប៊ី នឹងធ្វើយ៉ាងណាទៅដើម្បីប្រជែងយកឈ្នះសោភា ឱ្យខាង តែបាននោះ?៕

