ខេត្តត្បូងឃ្មុំ ៖ យុវតីជាសិស្សសាលាម្នាក់ មានឈ្មោះថុល ស្រីនាង អាយុ១៤ឆ្នាំ មុខរបរជាសិស្ស គ្រាន់តែឪពុកម្តាយហៅមកស្តីបន្ទោស អប់រំណែនាំបន្តិចបន្តួច ស្រាប់តែឈឺចិត្តស្អិតទ្រូង រហូតដល់មានគំនិតខ្លី រត់ទៅលោតទឹកស្រះសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២ និង១០នាទីថ្ងៃត្រង់ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចស្រះទឹកចម្ការម្រេច ស្ថិតនៅខាងកើតភូមិ៣៧ ចម្ងាយ៣០០ម៉ែត្រ ក្នុងឃុំក្រែក ស្រុកពញាក្រែក។

តាមសម្តីឪពុកម្តាយយុវតីរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ពួកគាត់បានហៅកូនស្រីម្នាក់នេះ (យុវតីរងគ្រោះ) អប់រំណែនាំតិចតួចពីរឿងដើរលេង ក្រោយពេលត្រូវពួកគាត់ស្តីបន្ទោសរួច កូនស្រីក៏ដើរចេញពីផ្ទះបាត់ ចំណែកពួកគាត់ក៏មិនចាប់អារម្មណ៍ ឬនឹកស្មានដល់ថា កូនស្រីរូបនេះ អាចនឹងមានគំនិតខ្លីបែបនេះសោះ។ រហូតមកដល់វេលាម៉ោងកើតហេតុខាងលើ ក៏មានក្មេងស្រីក្នុងភូមិម្នាក់ រត់មកប្រាប់គាត់ថា កូនស្រីរបស់គាត់បានលោតទឹកស្រះក្នុងចម្ការម្រេចសម្លាប់ខ្លួន ទើបប្រញាប់ទៅជួយ តែទម្រាំចុះរាវរកឃើញ កូនស្រីគាត់បានស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា យុវតីរងគ្រោះពិតជាស្លាប់ដោយសារ លោតទឹកធ្វើអត្តឃាត បណ្តាលឱ្យលង់ទឹកស្លាប់ប្រាកដមែន។ មូលហេតុ ដោយសារតែតូចចិត្តនឹងរឿងឪពុកម្តាយស្តីបន្ទោសតិចតួច។

សាកសពយុវតីរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕