Friday, July 18, 2025
Homeព័ត៌មានជាតិចុងក្រោយឪពុកក្លាយជាឃាតករ សម្លាប់កូនប្រុសខ្លួនឯង ដោយសារខឹងជេរម្រ៉ាយកប់ៗមាត់

ចុងក្រោយឪពុកក្លាយជាឃាតករ សម្លាប់កូនប្រុសខ្លួនឯង ដោយសារខឹងជេរម្រ៉ាយកប់ៗមាត់

ខេត្តកណ្តាល ៖ បុរស២នាក់ឪពុកកូន បាននាំគ្នាទៅចូលរួមមង្គលការកូនអ្នកភូមិ លុះផឹកស៊ីស្រវឹងស្រឿងៗ បុរសជាឪពុកក៏ត្រឡប់មកផ្ទះមុន ស្រាប់តែពាក់កណ្តាលអធ្រាត្រ កូនប្រុសត្រឡប់មកវិញ ក៏ស្រែកឡូឡា ជេរម៉្រាយឪពុកបង្កើតរបស់ខ្លួនកប់ៗមាត់ លុះឪពុកចេញមកឃាត់ បែរជាកូនប្រុសទាញដំបងវាយបុរសជាឪពុកទៀត តែសំណាងល្អ ឪពុកគេចផុត រួចក៏ចូលទៅទាញដែក៤ជ្រុង មកវាយសំពងកូនប្រុសវិញ រហូតដល់បែកថ្ងាស បាក់ក្តោងច្រមុះ ស្លាប់ក្នុងថ្លុកឈាម។

ករណីឃាតកម្មឪបង្កើតវ៉ៃសម្លាប់កូនប្រុសនេះ បានកើតឡើង តាំងពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចក្រោមផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិម្កាក់ ឃុំដើមឬស ស្រុកកណ្តាលស្ទឹង។ រហូតមកដល់វេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃដដែល ទើបរឿងរ៉ាវបានបែកធ្លាយ បន្ទាប់ពីស្ត្រីជាម្តាយក្រោកពីដំណេក ប្រទះឃើញកូនប្រុសដេកស្លាប់នៅក្រោមផ្ទះ។

ជនរងគ្រោះដែលត្រូវឪពុកបង្កើតវ៉ៃសម្លាប់ មានឈ្មោះផង់ បាន អាយុ៣៩ឆ្នាំ មុខរបរកម្មករសំណង់។ ចំណែកជនសង្ស័យមាន ឈ្មោះផង់ ជាង អាយុ៦៨ឆ្នាំ មុខរបរកសិករ។ ជនទាំងពីរ ត្រូវជាឪពុកកូននឹងគ្នា និងស្នាក់នៅផ្ទះកើតហេតុខាងលើជាមួយគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ ជនសង្ស័យឈ្មោះផង់ ជាងបានទៅហូបការគេ ជាមួយចៅស្រីអាយុ៤ឆ្នាំ នៅក្នុងភូមិ ដោយផឹកស្រាបៀរអស់២កំប៉ុង រហូតដល់ម៉ោង៩ និង១០នាទីយប់ថ្ងៃដដែល ក៏ត្រឡប់មកផ្ទះវិញ ដោយដោះតែខោ មិនបានដោះអាវទេ គឺអាវដៃវែងពណ៌ផ្ទៃមេឃ និងស្លៀកខោជើងខ្លី ចូលដេកក្នុងបន្ទប់ក្រោមផ្ទះ។ លុះពេលកំពុងដេក នៅវេលាម៉ោងប្រហែល២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ស្រាប់តែជនរងគ្រោះជាកូនឈ្មោះផង់ បាន ទើបនឹងត្រឡប់មកពីហូបការគេក្នុងភូមិដែរ បានស្រែកឡូឡាជេរជនសង្ស័យជាឪពុក ធ្វើឱ្យជនសង្ស័យភ្ញាក់ដឹងខ្លួន ក៏បានដើរចេញទៅប្រាប់កូនប្រុសវិញថា ឡូឡាអី ថ្មើរនឹងហើយមិនចូលដេក ស្រាប់តែជនរងគ្រោះស្ទុះយកដំបងឈើជ្រុងវាយជនសង្ស័យ តែគេចផុត រួចហើយជនរងគ្រោះនៅបន្តជេរជនសង្ស័យដដែល។ បន្ទាប់មក ជនរងគ្រោះក៏ដើរចេញទៅដេកលើអង្រឹងក្រោមផ្ទះ ស្រាប់តែជនសង្ស័យជាឪពុក ក៏ចូលក្នុងបន្ទប់ ទាញយកដែកជ្រុងជន្ទល់ទ្វារ ស្ទុះទៅវាយជនរងគ្រោះរហូតស្លាប់ រួចបោះដែកចោលខាងលិចផ្ទះ ហើយចូលសម្រាកទល់ភ្លឺ ធ្វើដូចមិនដឹងរឿង។

ប្រភពដដែលបន្តថា លុះមកដល់វេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃដដែល ទើបមាន ការភ្ញាក់ផ្អើលឆោឡោ ប្រទះឃើញជនរងគ្រោះដេកស្លាប់នៅក្រោមផ្ទះ ទើបមានការរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ករណីនេះ គឺជាអំពើឃាតកម្ម ដោយជនរងគ្រោះត្រូវបានជនដៃដល់វ៉ៃសម្លាប់ ក្នុងសភាពសពដេកផ្កាប់មុខ ក្បាលបែរទៅទិសខាងត្បូង ក្បែរអង្រឹងក្រោមផ្ទះ ហើយនៅលើថ្ងាសចំហៀងខាងស្តាំមានស្នាមរបួសចំនួន៦កន្លែង បណ្តាលឱ្យផុងបែកលលាដ៏ក្បាល ព្រមទាំងបាក់ក្តោងច្រមុះទៀតផង។

សមត្ថកិច្ចជំនាញ បានបន្តថា ដោយឡែក នៅទីតាំងកើតហេតុ សមត្ថកិច្ចបានចាប់យកវត្ថុតាង រួមមាន ដំបងដែកបួនជ្រុង (ប្រហោងក្នុង) រាងជាលេខ៧ ប្រវែង១,១០ម៉ែត្រ មានប្រឡាក់ឈាម ដំបងឈើសំប៉ែតចុងស្រួច ប្រវែង១ម៉ែត្រ  អាវដៃវែងក្រណាត់ពណ៌ផ្ទៃមេឃ និងខោខ្លីប្រភេទកីឡាពណ៌ទឹកដោះគោ មានឆ្នូតចំហៀង៣ឆ្នូត ពណ៌ខៀវ ជារបស់ជនសង្ស័យស្លៀកធ្វើសកម្មភាព។

ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចបានបើកការស៊ើបអង្កេត ស្រាវជ្រាវកំណត់មុខសញ្ញា រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យជាឪពុកបង្កើតរបស់ជនរងគ្រោះ យកទៅសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានវាយសម្លាប់កូនប្រុសបង្កើតខ្លួនឯងប្រាកដមែន មូលហេតុដោយសារតែខឹងនឹងជនរងគ្រោះផឹកស្រាស្រវឹង ស្រែកឡូឡាជេរម៉្រាយខ្លួនជាឪពុក និងថែមទាំងទាញដំបងវាយទៀត តែសំណាងល្អ ខ្លួនគេចផុត លុះឃើញឱកាសល្អ គ្រាដែលកូនប្រុស ដេកលើអង្រឹងក្រោមផ្ទះ ខ្លួនក៏ទាញដែក៤ជ្រុង វាយសំពងកូនប្រុសរហូតដល់ស្លាប់តែម្តង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES