ខេត្តបន្ទាយមានជ័យ ៖ គ្រាប់បែកច្នៃដោយមាននាឡិកាកំណត់ម៉ោងឱ្យផ្ទុះ ១គ្រាប់ ត្រូវបានឧក្រិដ្ឋជនយកទៅលាក់ទុកនៅក្នុង បន្ទប់ទឹកប្រុស ជាន់ក្រោមនៃកាស៊ីណូ និងសណ្ឋាគារ ហ្គោលឌែនក្រោន របស់លោកឧកញ៉ាកុក អាន ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត កាលពីព្រលប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ ប៉ុន្តែសំណាងល្អ មិនទាន់បានផ្ទុះ ដោយមានអ្នកប្រទះឃើញទាន់ និងរាយការណ៍សុំអន្តរាគមន៍ពីមន្ត្រីស៊ីម៉ាក់ យកទៅបំផ្ទុះចោលទាន់ពេលវេលា។

យ៉ាងណា ករណីនេះសមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់នាំយកទៅសាកសួរ និងកំពុងបើកការស៊ើបអង្កេតយ៉ាងដុតដៃដុតជើង ដើម្បីវែកមុខឧក្រិដ្ឋជនពាក់ព័ន្ធការបង្កៃគ្រាប់បែកនេះ។

លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ឱ្យដឹង នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ថា នៅពេលនេះ កម្លាំងសមត្ថកិច្ចជំនាញ កំពុងសហការគ្នាបើកការស៊ើបអង្កេតលើករណីបង្កៃគ្រាប់បែកកំណត់ម៉ោងឱ្យផ្ទុះនៅក្នុងកាស៊ីណូ និងសណ្ឋាគារ ហ្គោលឌែនក្រោន នាក្រុងប៉ោយប៉ែត ដែលបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីយប់ថ្ងៃទី១០ កុម្ភៈ នោះ។

លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានថ្លែងបញ្ជាក់ថា “សមត្ថកិច្ចជំនាញកំពុងរួមសហការគ្នាស្រាវជ្រាវករណីនេះ ដើម្បីតាមចាប់ជនល្មើសយកមកផ្ទន្ទាទោសតាមច្បាប់ ប៉ុន្តែយើងមិនទាន់អាចបញ្ជាក់បន្ថែមនោះទេ ពីព្រោះជាការងារកំពុងស៊ើបអង្កេត”។

លោកស្នងការ បានបញ្ជាក់ថា នៅមុនពេលប្រទះឃើញគ្រាប់បែកច្នៃខាងលើនេះ មានបុរសជាភ្ញៀវម្នាក់បានចូលទៅក្នុងបន្ទប់ទឹក ស្រាប់តែពេលនោះបានឮសំឡេង លុះមានការសង្ស័យ ក៏តាមរកមើល ហើយក៏ឃើញប្រអប់មួយ រួចយកទៅឱ្យអ្នកអនាម័យ ហើយអ្នកអនាម័យ ក៏យកទៅឱ្យសន្តិសុខ។ បន្ទាប់មក បុរសជាសន្តិសុខ ក៏បានដឹងថា ជាគ្រឿងផ្ទុះ ក៏យកទៅបោះចោលនៅមុខកាស៊ីណូ រួចប្តឹងទៅសមត្ថកិច្ច និងមន្ត្រីស៊ីម៉ាក់ ដើម្បីចុចបំផ្ទុះចោលតែម្តង។

គួរបញ្ជាក់ថា គ្រាប់បែកច្នៃកំណត់ម៉ោងបំផ្ទុះ ដែលត្រូវបានជនមិនស្គាល់មុខលួចបង្កៃនោះ មានខ្សែភ្លើងក្រហមខៀវ និងមានលេខនាទី ដើរថយក្រោយទៀតផង ត្រូវបានគេដាក់នៅក្នុងប្រអប់ពណ៌សមួយ។

ក្រោយពីកើតមានការផ្អើលឆោឡោ នៃគ្រាប់បែកកំណត់ម៉ោងបំផ្ទុះខាងលើ ត្រូវបានគេយកមកដាក់ចោលនៅចំណុចបំផ្ទុះ (ប្រហោងលូ ឬ រ៉ឺហ្គារ) និងដាក់សំបកកង់រថយន្តជាច្រើន ដើម្បីបង្ការអំបែងគ្រាប់ បើសិនជាគ្រាប់នោះផ្ទុះដោយខ្លួនឯង ហើយនៅចំណុចកើតហេតុ មានសមត្ថកិច្ចជំនាញពាក់ព័ន្ធជាច្រើននៅការពារ និងរៀបចំសណ្តាប់ធ្នាប់មិនឱ្យប្រជាពលរដ្ឋ ចូលទៅជិតនោះទេ។ ចំណែកច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក៏ត្រូវបានហាមឃាត់មិនឱ្យឆ្លងកាត់ មួយរយៈពេលខ្លីផងដែរ។

រហូតមកដល់វេលាម៉ោងជិត៨យប់ ថ្ងៃដដែល កម្លាំងជំនាញនៃមជ្ឈមណ្ឌលសម្មភាព កម្ចាត់មីន កម្ពុជា (ស៊ីម៉ាក់) បានចុះទៅដល់ ដើម្បីពិនិត្យជាក់ស្តែង ឃើញថា គ្រាប់បែកនេះ មិនអាចទុកយូរបានឡើយ ព្រោះមានការកំណត់ម៉ោងសម្រាប់បំផ្ទុះ។

ក្រោយមក ដោយលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត បានប្រឹក្សាជាមួយជំនាញខាងលើ ក៏សម្រេចឱ្យបំផ្ទុះនៅនឹងកន្លែង រហូតទទួលបានជោគជ័យតែម្តង។

បន្ទាប់ពីបំផ្ទុះតាមជំនាញរបស់ក្រុមស៊ីម៉ាក់ រួចភ្លាម ក៏មានរថយន្តពន្លត់អគ្គិភ័យ សម្រុកចូលបាញ់ទឹកចំណុចបំផ្ទុះនោះ ដើម្បីបង្ការភ្លើងរាលដាល និងបំបាត់ក្លិនផ្ទុះ ផងដែរ។

ដោយឡែក បុរសដែលប្រទះឃើញគ្រឿងផ្ទុះក្នុងបន្ទប់ទឹកកាស៊ីណូ ត្រូវបានសមត្ថកិច្ចនាំ យកទៅសាកសួរ ប៉ុន្តែគេមិនទាន់ប្រាប់ពីអត្តសញ្ញាណនៅឡើយទេ។ ចំណែកគ្រឿងផ្ទុះដែលជនមិនស្គាល់មុខលួចបង្កៃនោះ ខាងជំនាញមិនទាន់ប្រាប់ឱ្យដឹងថា ជាប្រភេទអ្វី និងផលិតនៅប្រទេសណានៅឡើយ ដោយក្រុមសមត្ថកិច្ចជំនាញកំពុងធ្វើការស៊ើបអង្កេត ស្រាវជ្រាវបន្ត ជុំវិញករណីនេះ។

ក្រោយមានហេតុការណ៍នេះកើតឡើង កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចជាច្រើននាក់បាន ចុះទៅជួយអន្តរាគមន៍ ខណៈដែលពលរដ្ឋ ជាពិសេស ភ្ញៀវដែលកំពុងស្ថិតនៅក្នុងកាស៊ីណូ និងសណ្ឋាគារ ហ្គោលឌែនក្រោន កំពុងមានការភិតភ័យយ៉ាងខ្លាំង៕




