ខេត្តកំពង់ស្ពឺ ៖ នារីវ័យក្មេងម្នាក់ ត្រូវសមត្ថកិច្ចនគរបាលស្រុកត្រាំកក់ ខេត្តតាកែវ សហការជាមួយសមត្ថកិច្ចស្រុកគងពិសី ចាប់ឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ជនរងគ្រោះជាម្ចាស់ម៉ូតូ ក្នុងករណីឆបោក ខណៈដែលនារីរូបនេះបានខ្ចីម៉ូតូពីយុវជនជាអ្នកស្គាល់គ្នាម្នាក់ បន្ទាប់មកក៏ប្រុងស៊ីដាច់ ដោយមិនព្រមយកម៉ូតូទៅប្រគល់ឱ្យម្ចាស់គេវិញ លុះម្ចាស់ម៉ូតូដាក់ពាក្យប្តឹង ក៏ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ។
នារីវ័យក្មេងខាងលើត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចភូមិដីក្រហម ឃុំត្រពាំងអំពិល ស្រុកគងពិសី។

សមត្ថកិច្ចនគរបាលស្រុកត្រាំកក់ បានបញ្ជាក់ឱ្យដឹងថា ជនសង្ស័យមានឈ្មោះសំ ស្រីពៅ ភេទស្រី អាយុ២៣ឆ្នាំ មានលំនៅភូមិដីក្រហម ឃុំត្រពាំងអំពិល ស្រុកគងពិសី សព្វថ្ងៃស្នាក់នៅផ្ទះជួល ភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់។ ចំណែកជនរងគ្រោះមានឈ្មោះហម ភារិត ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅស្រុកត្រាំកក់ ខេត្តតាកែវ។
សមត្ថកិច្ច បានបន្តថា នៅមុនពេលកើតហេតុ ជនសង្ស័យខាងលើបានខ្ចីម៉ូតូពីជនរងគ្រោះ ដែលជាមនុស្សធ្លាប់ស្គាល់គ្នា ដោយប្រាប់ថា មានការមួយភ្លែតប៉ុណ្ណោះ លុះក្រោយពីបានម៉ូតូដល់ដៃ ស្រាប់តែជនសង្ស័យបែរជាគេចវេះ មិនព្រមយកម៉ូតូទៅប្រគល់ឱ្យម្ចាស់គេវិញ ពោលគឺ ប្រុងស៊ីដាច់តែម្តង ទើបធ្វើឱ្យម្ចាស់ម៉ូតូសម្រេច ដាក់ពាក្យបណ្តឹងពីបទឆបោក រហូតឈានដល់ការចាប់ឃាត់ខ្លួនតែម្តង។

ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចខេត្តកំពង់ស្ពឺ បានប្រគល់ជនសង្ស័យទៅឱ្យសមត្ថកិច្ចខេត្តតាកែវ ជាម្ចាស់ករណីវិញ ដើម្បីនាំយកទៅចាត់ការតាមនីតិវិធី។ ចំណែកវត្ថុតាងម៉ូតូ ត្រូវបានសមត្ថកិច្ចប្រគល់ជូនម្ចាស់ដើមវិញ៕