ខេត្តកំពង់ស្ពឺ ៖ គ្រាប់បែកទម្លាក់ពីលើយន្តហោះរបស់អាមេរិក ប្រភេទ M117 មានទំងន់ប្រមាណជាង៣០០គីឡូក្រាម ដែលបន្សល់ទុកតាំងពីសម័យសង្គ្រាម ត្រូវបានរកឃើញ១គ្រាប់ទៀត នៅចំណុចភូមិសាស្ត្រស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងត្រូវបានកម្លាំងជំនាញនៃមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) យកចេញដោយសុវត្ថិភាព កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។

លោកហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានបញ្ជាក់ឱ្យដឹងថា គ្រាប់បែកដ៏ធំ១គ្រាប់ខាងលើនេះ ត្រូវបានប្រជាពលរដ្ឋជីកដីប្រទះឃើញ និងបានរាយការណ៍មកកម្លាំងស៊ីម៉ាក់។ កម្លាំងស៊ីម៉ាក់ បានចុះពិនិត្យលក្ខណៈគ្រាប់បែក នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ និងចាប់ផ្តើមដោះ និងនាំចេញដោយសុវត្ថិភាព កាលពីថ្ងៃទី១២ ខែកម្ភៈ ឆ្នាំ២០១៩។

លោកហេង រតនា បានបញ្ជាក់ថា “បងប្អូនជីកដីឃើញគ្រាប់បែកដែលទំលាក់ក្នុងសម័យសង្គ្រាម មានការភ្ញាក់ផ្អើល និងភ័យខ្លាច។ កម្លាំងស៊ីម៉ាក់ បានកំណត់ប្រតិបត្តិការ យកចេញនៅថ្ងៃទី១២ ខែកុម្ភៈ នេះ បន្ទាប់ពីបានពិនិត្យស្ថានភាពលក្ខណៈបច្ចេកទេស គ្រាប់បែកនេះរួច កាលពីម្សិលមិញ…”។

យោងតាមរបាយការណ៍របស់ស៊ីម៉ាក់ បានឱ្យដឹងថា អាមេរិក បានទម្លាក់គ្រាប់បែកលើទឹកដីកម្ពុជា ចាប់ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ហើយទិន្នន័យទម្លាក់គ្រាប់ទាំងនោះ ត្រូវបានឯកភាពនៅឆ្នាំ២០០០ ដោយប្រធានាធិបតីជំនាន់ក្រោយ គឺលោក Bill Clinton ដែលបានបញ្ចោញឯកសារចំហរថា អាមេរិក ទម្លាក់គ្រាប់បែកនៅកម្ពុជា អស់២,៨លានតោន និងគ្រាប់បែកគីមីផងដែរ ក្រោមលេសថា តាមកម្ទេចពួកយៀកកុង ប៉ុន្តែស្លាប់តែប្រជាពលរដ្ឋខ្មែរ អស់ជាងកន្លះលាននាក់ និងកម្ទេចតែភូមិឋាន ផ្ទះសម្បែងខ្មែរ អស់រាប់ម៉ឺនកន្លែងទៀត៕
