ខេត្តកណ្តាល ៖ បុរសជាមន្ត្រីយោធាម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួន ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន លុះនាំចូលទៅឆែកឆេរដល់ក្នុងបន្ទប់ ក៏រកឃើញថ្នាំញៀនមួយចំនួន រួមនឹងវត្ថុតាង អាវុធខ្លី រថយន្ត ព្រមទាំងសម្ភារៈជាច្រើនទៀត។

ប្រតិបត្តិការបង្ក្រាបមន្ត្រីយោធាពាក់ព័ន្ធករណីជួញដូរថ្នាំញៀនខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសូរិទ្ធី សត្យា អាយុ៣៧ឆ្នាំ មុខរបរជាមន្ត្រីយោធា។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍យ៉ាងច្បាស់លាស់ពីសំណាក់បណ្តាញសម្ងាត់ សមត្ថកិច្ចក៏កំណត់មុខសញ្ញាជនសង្ស័យជួញដូរថ្នាំញៀនបានម្នាក់ ដោយជននោះគឺជាមន្ត្រីយោធាទៀតផង។ បន្ទាប់មក កម្លាំងជំនាញ ក៏ឈានដល់ការចុះបង្ក្រាបឃាត់ខ្លួនជសង្ស័យខាងលើ និងធ្វើការឆែកឆេរដល់ក្នុងបន្ទប់ស្នាក់នៅរបស់ជនសង្ស័យ ដកហូតបានវត្ថុតាងមួយចំនួន រួមមាន ម្សៅក្រាម ពណ៌សថ្លា សង្ស័យថាសារធាតុញៀន ចំនួន០២កញ្ចប់ ទូរស័ព្ទដៃ១គ្រឿង អាវុធខ្លី១ដើម មានបង់២ និងគ្រាប់ចំនួន១ បង់កាំភ្លើងវែង (អឹមសី) ចំនួន១ដើម និងគ្រាប់មួយចំនួន ព្រមទាំងរថយន្ត១គ្រឿងទៀតផង។

ជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់មន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីចាត់ការតាមផ្លូវច្បាប់៕





