ខេត្តព្រះសីហនុ ៖ កាលពីវេលាម៉ោង៤និង៥០នាទីរសៀល មានករណីបុរសជាកម្មករសំណង់ម្នាក់ បានធ្លាក់ពីលើអគារកម្ពស់៦ជាន់ កំពុងសាងសង់ បណ្តាលឱ្យបាក់កស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង ថ្ងៃទី១២ ខែកុម្ភៈ នៅចំណុចអគារកំពុងសាងសង់កម្ពស់៦ជាន់ ស្ថិតក្នុងក្រុម៤៧ ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ។

បុរសរងគ្រោះខាងលើ មានឈ្មោះ HOU SHENGXING ជាជនជាតិចិន ថ្ងៃខែឆ្នាំកំណើត ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៧៨ មុខរបរ កម្មករសំណង់ ធ្វើការនៅការដ្ឋានកើតហេតុខាងលើ កាន់លិខិតឆ្លងដែនលេខ G44301493 មានសុពលភាពដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ ទិដ្ឋាការលេខ EI01084785 មានសុពលភាពដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបច្ចេកទេសវិទ្យាសាស្ត្រត្រួតពិនិត្យឃើញថា សាកសពរងគ្រោះដោយធ្លាក់ចុះពីទីខ្ពស់ បណ្តាលឱ្យបាក់ឆ្អឹងកស្លាប់។ ករណីនេះសមត្ថកិច្ចសន្និដ្ឋានថា ជាគ្រោះថ្នាក់ការងារ ដោយសារតែជនរងគ្រោះមិនពាក់ខ្សែក្រវាត់ការពារ នៅអំឡុងពេលឡើង ធ្វើការនៅទីខ្ពស់ លុះទំនងជាកើតអាការវិលមុខ ទើបធ្លាក់ចុះក្រោម បណ្តាលឱ្យបាក់កស្លាប់បែបនេះ។

សាកសពជនរងគ្រោះខាងលើ ត្រូវបានដឹកបញ្ជូនទៅរក្សាទុកនៅមន្ទីរបង្អែកខេត្ត ដើម្បីរង់ចាំការសម្រេចចាត់ចែងពីក្រុមគ្រួសារ និងតំណាងស្ថានទូត៕

