Friday, July 18, 2025
Homeព័ត៌មានជាតិរត់បានយូរជាងគេហើយ ចុងក្រោយនៅតែជាប់ខ្នោះ

រត់បានយូរជាងគេហើយ ចុងក្រោយនៅតែជាប់ខ្នោះ

ខេត្តរតនគិរី ៖ យុវជនម្នាក់បន្ទាប់ពីបង្កហិង្សា រួចព្យាយាមរត់គេចខ្លួន អស់រយៈពេលជាង១០ថ្ងៃ ទើបនឹងត្រូវសមត្ថកិច្ចតាមប្រមាញ់ចាប់ខ្លួនបាន កាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចខាងកើតផ្សារបានលុង ស្ថិតក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលត្រូវសមត្ថកិច្ចច្ចាប់ឃាត់ខ្លួន មានឈ្មោះគឹម ម៉េងគាង អាយុ២០ឆ្នាំ មុខរបរជាងឈើ មានលំនៅក្នុងភូមិដីឡូតិ៍ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។

គួររំលឹកថា កាលពីយប់ថ្ងៃទី២៩ ខែមករា ឆ្មាំ២០១៩ មានករណីហិង្សាដោយចេតនាមួយបានកើតឡើង នៅតាមបណ្តោយផ្លូវជាតិលេខ៧៦ ស្ថិតក្នុងភូមិកាទៀង ឃុំល្បាំង១ ស្រុកលំផាត់ ដោយក្មេងស្ទាវ១ក្រុម មានគ្នា៤នាក់ បានធ្វើសកម្មភាពស្ទាក់កាប់ប្រហារទៅលើបុរសម្នាក់ ដែលធ្លាប់មានជម្លោះជាមួយគ្នាចំនួន១ដាវ បណ្តាលឱ្យរយះស្មារងរបួសធ្ងន់។ ចំណែកក្រុមជនដៃដល់ ក្រោយពីកាប់ប្រហារជនរងគ្រោះរួច ក៏នាំគ្នារត់គេចខ្លួនបាត់បាន១យប់ ក៏ត្រូវបានសមត្ថកិច្ចតាមប្រមាញ់ចាប់ខ្លួនបានចំនួន៣នាក់ ខណៈដែលម្នាក់ទៀត បានរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពីធ្វើសកម្មភាពរួច ក្រុមជនសង្ស័យបានរត់គេចខ្លួនបាត់ តែត្រូវកម្លាំងជំនាញ បានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល ឃុំបាតាង ចុះស្រាវជ្រាវកំណត់អត្តសញ្ញាណ រហូតដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ឃាត់ខ្លួនបាន៣នាក់ជាបន្តបន្ទាប់។ ដោយឡែក ជនសង្ស័យម្នាក់ទៀត ឈ្មោះគឹម ម៉េងគាង ក៏ត្រូវបានសមត្ថកិច្ចតាមប្រមាញ់ចាប់ខ្លួនបាន កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩៕

RELATED ARTICLES