ខេត្តកណ្តាល ៖ កាលពីវេលាម៉ោង៥ និង៤៥នាទីល្ងាច ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ត្រីម្នាក់ តែងផឹកស្រាស្រវឹងជាប់ជាប្រចាំ រហូតដល់ក្លាយជាមនុស្សប្រមឹកញៀនញ៉ាម អត់ស្រាមិនបាន ហើយបើបានផឹក ស្រាហើយ គឺមិនព្រមហូបបាយទឹកទាល់តែសោះ រហូតដល់ធ្លាក់ខ្លួនស្គមរីងរ៉ៃ ក៏ទៅស្នាក់នៅជាមួយម្តាយ លុះក្រោយពីហូបបាយថ្ងៃត្រង់រួច ក៏ចូលទៅប្រះខ្លួនដេកនៅក្នុងផ្ទះបាយ ស្រាប់តែពេលស្ត្រីជាម្តាយចូលទៅដាស់ ទើបដឹងថា កូនស្រីបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ បានកើតឡើង នៅចំណុចផ្ទះម្តាយបង្កើតរបស់ស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម។

ស្ត្រីរងគ្រោះដែលដេកស្លាប់ក្នុងផ្ទះបាយ ជនរងគ្រោះឈ្មោះឌុម សុខុម អាយុ៣៧ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិព្រែកក្មេង ឃុំព្រែកក្មេង ស្រុកល្វាឯម។

ក្រោយកើតហេតុ កម្លាំងជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មគរ លោកមេឃុំ លោកមេភូមិ លោកគ្រូពេទ្យមណ្ឌលសុខភាពថ្មគរ បាន ចុះធ្វើការពិនិត្យសាកសព រួចបញ្ជាក់ថា សាកសពពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សំគាល់ទេ។ តាមការសន្និដ្ឋាន ស្ត្រីរងគ្រោះ បានស្លាប់ដោយសារ កើតមានអាការខ្យល់គរ។

សាកសពស្ត្រីរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕