ខេត្តកំពង់ស្ពឺ ៖ ប្រុសព្រានម្នាក់បានរំលោភស្ត្រីមានសតិមិនប្រក្រតីនេះ អស់រយៈពេល៣ឆ្នាំមកហើយ គឺកើតឡើងតាំងពីអំឡុងឆ្នាំ២០១៦ មកម៉្លេះ នៅចំណុចភូមិថ្នល់ដាច់ ឃុំព្រះខែ ស្រុកបសេដ្ឋ។ រហូតមកដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ទើបរឿងរ៉ាវបែកធ្លាយ និងត្រូវបានសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យនាំយកទៅចាត់ការតាមច្បាប់។

ជនសង្ស័យល្មោភកាម មានឈ្មោះសេក វ៉ាន អាយុ៤៧ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិថ្នល់ដាច់ ឃុំព្រះខែ ស្រុកបសេដ្ឋ។ ចំណែកស្ត្រីរងគ្រោះ មានឈ្មោះស.អ អាយុ៤៥ឆ្នាំ ជាមនុស្សមានសតិស្មារតីមិនប្រក្រតី និងមានលំនៅក្នុងភូមិឃុំកើត ហេតុខាងលើជាមួយគ្នា។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា នៅមុនពេលឈានដល់ការចាប់ខ្លួនជនសង្ស័យឈ្មោះសេក វ៉ាន សមត្ថកិច្ចបានទទួល ពាក្យបណ្តឹងពីក្រុមគ្រួសាររបស់ស្ត្រីរងគ្រោះខាងលើ កម្លាំងជំនាញបានចុះធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជន សង្ស័យខាងលើ នាំយកមកសាកសួរតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះសេក វ៉ាន ខ្លួនធ្លាប់បានចាប់រំលោភស្ត្រីរងគ្រោះតាំងពីអំឡុងឆ្នាំ២០១៦ មកម៉្លេះ ហើយគិតមកដល់ពេលនេះ ខ្លួនធ្លាប់រំលោភស្ត្រីរងគ្រោះរហូតដល់បានសម្រេច ប្រហែល៥-៦ដង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕