ខេត្តស្វាយរៀង ៖ ក្មេងស្រីម្នាក់ដែលត្រូវសត្វឆ្មាខាំ អស់រយៈពេលជាង៣ខែមកហើយនោះ បានបាត់បង់ជីវិតហើយ កាលពីវេលាម៉ោង៦និង១០នាទីព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចផ្ទះរបស់ខ្លួន ស្ថិតក្នុងភូមិធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត បន្ទាប់ពីក្រុមគ្រួសារបានប្រឹងប្រែងអស់ពីលទ្ធភាពនាំកូនស្រីទៅព្យាបាល ប៉ុន្តែត្រូវបានគ្រូពេទ្យអះអាងថា ហួសពេលទៅហើយ ជាហេតុធ្វើឱ្យក្រុមគ្រួសារ ឪពុកម្តាយយំសោកបោកខ្លួន ព្រោះស្តាយស្រណោះអាយុជីវិតកូនស្រី ដែលមិនគួរណាឡើយស្លាប់ទាំងវ័យក្មេងបែបនេះ។

ក្មេងស្រីរងគ្រោះដែលត្រូវសត្វឆ្មាខាំ បណ្តាលឱ្យស្លាប់នេះ មិនត្រូវបានស្គាល់ឈ្មោះនោះទេ គ្រាន់តែដឹងថា មានវ័យប្រមាណ១០ឆ្នាំ និងមានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។

តាមសម្តីស្ត្រីជាជីដូនរបស់ក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា ចៅស្រីរបស់គាត់ (ក្មេងស្រីរងគ្រោះ) ត្រូវបានសត្វឆ្មាខាំត្រង់ជើង តាំងពីអំឡុងដើមខែធ្នូ ចុងឆ្នាំ២០១៨ មកម៉្លេះ ខណៈ ដែលចៅស្រីរបស់គាត់កំពុងអង្គុយហូបបាយនៅលើគ្រែខាងក្រោមផ្ទះ ជាមួយម្តាយមីងរបស់នាង។ ក្រោយពីត្រូវសត្វឆ្មាខាំរួចមក ចៅស្រីរបស់គាត់មិនមានអាការឈឺចាប់ ឬធ្វើទុក្ខអ្វីទាំងអស់ តែឪពុកម្តាយរបស់នាង បាននាំនាងទៅចាក់ថ្នាំនៅផ្ទះពេទ្យក្នុងភូមិដែរ និងត្រូវគ្រូពេទ្យភូមិនោះប្រាប់ថា អត់អីទេ។ ចំណែកឪពុកម្តាយក៏មិនបានចាប់អារម្មណ៍អ្វីទៀតដែរ។

ស្ត្រីជាជីដូនក្មេងស្រីរងគ្រោះ បានបន្តថា លុះមកដល់យប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ស្រាប់តែចៅស្រីរបស់គាត់ ចាប់ផ្តើមកើតមានអាការប្រកាច់ ពិបាកដកដង្ហើម ទើបក្រុមគ្រួសារប្រញាប់ដឹកបញ្ជូនទៅព្យាបាលនៅឯមន្ទីរពេទ្យប្រទេសវៀតណាម ភ្លាមៗដែរ តែក្រោយពេលក្រុមគ្រូពេទ្យពិនិត្យអាការជំងឺចៅស្រីរបស់គាត់ រួចក៏បញ្ជាក់ប្រាប់ថា អាការរបស់នាងហួសពេល នឹងសង្គ្រោះទៅហើយ ឱ្យនាំត្រឡប់ទៅផ្ទះវិញទៅ ទើបឪពុកម្តាយនាងមិនអស់ចិត្ត ក៏នាំកូនស្រីទៅពេទ្យឯរាជធានីភ្នំពេញទៀត ប៉ុន្តែគ្រូពេទ្យសុទ្ធតែបញ្ជាក់ប្រាប់ដូចគ្នាថា មិនអាចសង្គ្រោះបានឡើយ និងប្រាប់ឱ្យឪពុកម្តាយក្រុមគ្រួសារត្រៀមចិត្តត្រៀមកាយ និងរៀបចំធ្វើបុណ្យឱ្យកូនស្រីទៅចុះ។ ទីបំផុត ក្រោយពីត្រឡប់មកដល់ផ្ទះ សម្រាកបាន១យប់ នៅព្រឹកថ្ងៃទី១៣ ចៅស្រីរបស់គាត់ ក៏ដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័មបំផុត។

តាមម្តាយក្មេងស្រីរងគ្រោះ បានប្រាប់ឱ្យដឹងថា កូនស្រីរបស់គាត់ជំងឺធ្វើទុក្ខខ្លាំង និងបាននាំមកព្យាបាលជំងឺឆ្កែឆ្កួត នៅពេទ្យឯរាជធានីភ្នំពេញ ប៉ុន្តែគួរឱ្យសោកស្តាយ គ្រូពេទ្យប្រាប់ថា គ្មានវិធីព្យាបាលទេ គឺមានតែយកទៅផ្ទះដើម្បីធ្វើបុណ្យតាមប្រពៃណី។ ក្រោយគ្រូពេទ្យប្រាប់បែបនេះ ស្រាប់តែយប់ឡើង កូនរបស់គាត់ បានបាត់បង់ជីវិតចោលឪពុកម្តាយ ធ្វើឱ្យរូបគាត់មិនអស់ចិត្តសោះ មិនគួរណាកូនស្រីស្លាប់ទាំងវ័យក្មេងបែបនេះ។

ស្ត្រីជាម្តាយរូបនេះ បន្តថា កូនស្រីរបស់គាត់ត្រូវបានសត្វឆ្មាខាំ តាំងពីដើមខែធ្នូ ឆ្នាំ២០១៨ មកម៉្លេះ ប៉ុន្តែពួកគាត់មិនបាននាំកូនស្រី ទៅចាក់ថ្នាំការពារនៅមន្ទីរពេទ្យប៉ាស្ទ័រ ទេ គឺចាក់ថ្នាំការពារនៅក្នុងភូមិ និងត្រូវគ្រូពេទ្យភូមិអះអាងថា អត់អីទេ។ លុះអាការៈកាន់តែខ្លាំង ក៏យកទៅវៀតណាម ប៉ុន្តែគ្រូពេទ្យវៀតណាម ក៏បានប្រាប់ថា គ្មានលទ្ធភាព ទើបមកព្យាបាលនៅពេទ្យក្នុងរាជធានីភ្នំពេញ តែជាការសោកស្តាយ មិនអាចជួយសង្គ្រោះជីវិតកូនស្រីបានទេ។

ជុំវិញករណីក្មេងស្រីដែលត្រូវឆ្មាខាំ មន្ត្រីសុខាភិបាលខេត្តស្វាយរៀង បានអំពាវនាវដល់ឪពុកម្តាយ និងអាណាព្យាបាលគ្រប់រូប ត្រូវប្រុងប្រយ័ត្នទាំងអស់គ្នាចំពោះកូនៗ ព្រោះក្មេងស្រីម្នាក់អាយុ១០ត្រូវឆ្មាខាំ និងក្រញៅ បានឆ្លងជំងឺឆ្កែឆ្កួត និយាយមិនសូវដឹងអ្វី ហើយមានអាការៈប្រកាច់ៗ បណ្តាលឱ្យបាត់បង់ជីវិត។

បើមានករណីត្រូវឆ្កែ ឬឆ្មាខាំ សូមប្រញាប់នាំជនរងគ្រោះ មកកាន់មន្ទីរពេទ្យឱ្យបានឆាប់ ដើម្បីក្រុមគ្រូពេទ្យជួយសង្គ្រោះចាក់ថ្នាំការពារជំងឺឆ្កែឆ្កូត ទាន់ពេលវេលា កុំទុករហូតធ្ងន់ធ្ងរដូចករណីក្មេងស្រីឆ្មាខាំខាងលើនេះ ព្រោះជំងឺនេះមានផ្ទុកមេរោគយ៉ាងកាចសាហាវណាស់។

ដោយឡែក នៅពេលដង្ហែសពក្មេងស្រីរងគ្រោះដែលត្រូវខ្មារខាំនោះ ប្រជាពលរដ្ឋមានការរន្ធត់ចិត្ត ហើយម្នាក់ៗមានការអាណិតអាសូរក្មេងស្រីរងគ្រោះជាខ្លាំង៕




