Saturday, July 19, 2025
Homeព័ត៌មានជាតិជំពាក់លុយមិនសង អូសរុឺម៉កទុកក្នុងផ្ទះ កូនបំណុលរកឃើញ ផ្ទុះជម្លោះ​ វាយម្ចាស់បំណុលបែកក្បាល

ជំពាក់លុយមិនសង អូសរុឺម៉កទុកក្នុងផ្ទះ កូនបំណុលរកឃើញ ផ្ទុះជម្លោះ​ វាយម្ចាស់បំណុលបែកក្បាល

ភ្នំពេញ ៖ ករណីអំពើហិង្សាផ្តើមចេញពីរឿងជំពាក់លុយអត់សង ដោយម្ចាស់បំណុល ត្រូវអ្នកជំពាក់លុយវាយនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង10 និង40នាទីយប់ ថ្ងៃទី15 ខែកុម្ភៈ ឆ្នាំ2019 នៅតាមបណ្តោយផ្លូវ2011 ស្ថិតក្នុងសង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ។

ភាគីម្ចាស់បំណុល ដែលរងរបួសរយះក្បាល មានឈ្មោះរ៉ាន់ រាត្រី អាយុ38ឆ្នាំ មុខរបរជាងកញ្ចក់ មានលំនៅក្នុងភូមិសង្កាត់ កើតហេតុខាងលើ។ ចំណែកភាគីខាងអ្នកជំពាក់ប្រាក់ មានឈ្មោះគីម ផល្លា អាយុ35ឆ្នាំ មុខរបរជាងកញ្ចក់ ស្នាក់នៅភូមិក្រាំងធ្នង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា រវាងជនរងគ្រោះ និងជនសង្ស័យ គឺជាមនុស្សធ្លាប់ស្គាល់គ្នា ហើយកន្លងមក ជនសង្ស័យធ្លាប់បានខ្ចីលុយពីជនរងគ្រោះ តែមិនដឹងចំនួនប៉ុន្មាននោះទេ។ លុះក្រោយពីខ្ចីយូរខែហើយ នៅតែមិនឃើញជនសង្ស័យសងលុយវិញ ទើបជនរងគ្រោះបានតាមទៅរកជនសង្ស័យជាកូនបំណុល តែរកមិនឃើញ ឃើញតែរ៉ឺម៉កម៉ូតូរបស់ជនសង្ស័យ ក៏លួចអូសយករ៉ឺម៉កសណ្តោងនោះទៅទុកនៅក្បែរផ្ទះរបស់ខ្លួន។ ចំណែកជនសង្ស័យជាម្ចាស់រ៉ឺម៉ក បន្ទាប់ពីបាត់រ៉ឺម៉ក ក៏ដើរតាមរក លុះមកឃើញនៅក្បែរផ្ទះជនរងគ្រោះ បានចូលទៅសួរនាំ ធ្វើឱ្យកើតជាជម្លោះតឹងសរសៃកដាក់គ្នា និងឈានដល់ការប្រើអំពើហិង្សាវាយតប់គ្នាទៅវិញទៅមក ធ្វើឱ្យភាគីម្ចាស់បំណុលរងរបួសរយះក្បាល និងផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន ចុះមកជួយអន្តរាគមន៍តែម្តង។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍គោគឃ្លៀង ដែលដឹកនាំដោយលោកមេប៉ុស្តិ៍ផ្ទាល់ បានប្រគល់ឱ្យភាគីជម្លោះខាងលើ ទៅឱ្យកម្លាំងកងរាជអាវុធហត្ថខណ្ឌសែនសុខ នាំទៅសាកសួរ ដោយភាគីខាងកូនបំណុលព្រមទៅជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌ ចំណែកឯភាគីខាងម្ចាស់បំណុល មិនហ៊ានទៅនោះឡើយ ដោយយកលេសថា រូបគាត់រងរបួសក្បាល ចាំស្អែកគាត់នឹងទៅដោះស្រាយគ្នា៕

RELATED ARTICLES