ភ្នំពេញ ៖ បុរសជាអ្នករើសអេតចាយម្នាក់ កំពុងដើរអូសរទេះរើសសំបកកំប៉ុងនៅតាមផ្លូវសុខៗ ស្រាប់តែកើតមានអាការប្រកាច់ដួលស្លាប់ភ្លាមៗនៅនឹងកន្លែង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង10និង15នាទីព្រឹក ថ្ងៃទី15 ខែកុម្ភៈ ឆ្នាំ2019 នៅតាមបណ្តោយផ្លូវ369 ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

បុរសរងគ្រោះខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគ មានវ័យប្រមាណ40ឆ្នាំ ប្រកបរបរដើរអូស រទេះអេតចាយ រើសសំបកកំប៉ុងនៅតាមផ្លូវ។
លោកងឹន ធីរ៉ូ ចៅសង្កាត់ព្រែកប្រា បានបញ្ជាក់ឱ្យដឹងថា នៅមុនពេលកើតហេតុ សាក្សីបានប្រទះឃើញជនរងគ្រោះ កំពុងដើរអូសរទេះរើសអេតចាយ តាមផ្លូវ369 លុះពេលធ្វើដំណើរមកដល់ចំណុចមុខទីស្នាក់ការភូមិព្រែកតាពៅ មិនដឹងជាយ៉ាងម៉េច ស្រាប់តែឃើញជនរងគ្រោះ ហាក់ដូចជាខ្យល់គរ ដោយកន្ត្រាក់ដៃជើង ប្រកាច់ដួលទៅលើដេកស្តូកស្តឹងតែម្តង។ ភ្លាមៗនោះ អ្នកធ្វើដំណើរ ក៏ដូចជាមន្ត្រីភូមិ រួមនឹងប្រជាពលរដ្ឋនៅក្បែរនោះ បានជួយធ្វើចលនាបេះដូង សង្គ្រោះបឋមដល់ជនរងគ្រោះ ប៉ុន្តែនៅតែមិនដឹងខ្លួន ទើបលោកជាចៅសង្កាត់ បានទូរស័ព្ទហៅរថយន្តមន្ទីរពេទ្យបង្អែកមានជ័យ មកជួយសង្គ្រោះ តែពេលគ្រូពេទ្យចុះមកដល់ ពិនិត្យរួច ក៏ប្រាប់ថា ជនរងគ្រោះបានផុតដង្ហើមបាត់ទៅហើយ។

លោកវរសេនីយ៍ត្រី ឡូ ភារម្យ នាយនគរបាលប៉ុស្តិ៍ព្រែកប្រា បានបញ្ជាក់ថា ជនរងគ្រោះពុំមានលិខិតស្នាមបញ្ជាក់ពីអត្តសញ្ញាណឡើយ ហើយបើពិនិត្យតាមភិនភាគ គឺជាជនជាតិវៀតណាម។
សាកសពជនរងគ្រោះ ត្រូវបានដឹកយកមកតម្កល់ទុកនៅវត្តច្បារអំពៅ ដើម្បីស្រាវជ្រាវស្វែងរកក្រុមគ្រួសារ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕